ភ្នំពេញ ៖ ស្មៀននៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានលួចកិបកេងលុយរដ្ឋពីការជួយប្រជាពលរដ្ឋក្រក្រីជាង៦០លានរៀល ត្រូវបានសម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា «អ្នកណាធ្វើខុស អ្នកនោះទទួលខុសត្រូវ» ។
ឆ្លើយតបសំណួរអ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នាថ្ងៃ១៧ វិច្ឆិកា សម្ដេច ស ខេង បានថ្លែងយ៉ាងខ្លីថា “ជារឿងបុគ្គលរបស់គាត់ទេ ប៉ុន្ដែស្មៀនជាមន្ដ្រីមុខងារសារធារណៈ គាត់មានតួនាទីដើម្បីជួយដល់ក្រុមប្រឹក្សា ជួយឱ្យមេឃុំ ចៅសង្កាត់។ ប៉ុន្ដែការប្រព្រឹត្តបទល្មើសរបស់គាត់អាហ្នឹងវាជារឿងមួយទៀតដែលទាំងអស់គ្នាស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា អ្នកណាធ្វើខុស នោះទទួលខុសត្រូវ»។
សូមបញ្ជាក់ថាលោក សុខ សុផា ជាស្មៀនសាលាសង្កាត់តាខ្មៅ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩ ហើយកាលពីថ្ងៃ១៦ វិច្ឆិកា លោកត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ៕ ដោយ៖ រិន ចំរើន