ភ្នំពេញ ៖ ពោល១ថ្ងៃក្រោយពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ត្រូវបានផ្លាស់មកកាន់ការងារ នៅក្រសួងមហាផ្ទៃ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រក្រសួងមហាផ្ទៃ បានអះអាងជំនួសសាម៉ីខ្លួនថា គឺលោក ជាវ តាយ សុំលាចេញពីតំណែងជាអភិបាលខេត្តដោយខ្លួនឯង ដើម្បីសុំពេលវេលាព្យាបាលជំងឺប៉ុណ្ណោះ ។
ដោយសម្តេច ស ខេង អះអាងថា អតីតអភិបាលខេត្តពោធិ៍សាត់រូបនេះ មិនបានសាងកំហុសអ្វីឡើយ ។
បន្ទាប់បញ្ចប់ប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃ១៧ វិច្ឆិកា សម្ដេច ស ខេង បានឱ្យដឹងថា ដោយសារបញ្ហាសុខភាពទើបលោក ជាវ តាយ ដាក់សំណើរមកក្រសួងមហាផ្ទៃ ដើម្បីសុំពេលវេលាព្យាបាលជំងឺ។
សម្ដេចបន្តថា «ម្សិលមិញនេះ សម្ដេចតេជោ បានចុះហត្ថលេខារួចហើយ បើមិនមានអីប្រែប្រួលថ្ងៃច័ន្ទ ខ្ញុំ នឹងទៅប្រកាសផ្ទេរ អភិបាលខេត្តពោធិ៍សាត់។ ដោយ សារឯកឧត្តម ជាវ តាយ គាត់អត់មានកំហុសអីទេ ប៉ុន្ដែគាត់ត្រូវការពេលវេលា ដើម្បីនឹងសម្រាកព្យាបាល ហើយខ្លួនគាត់ និងក្រុមគ្រួសារគាត់ចង់បានចឹង ហើយយើងក៏គោរពតាមសំណើរ សំណូមពររបស់គាត់»។
ថ្មីៗនេះ សម្ដេចស ខេង បានធ្វើលិខិតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីធ្វើការដោះដូរ អភិបាលខេត្តពោធិ៍សាត់ ហើយកាលពីថ្ងៃ១៥ វិច្ឆិកា សម្ដេចតេជោ បានយល់ព្រមឱ្យលោក ងូយ រីដា អភិ បាលរងខេត្តបាត់ដំបង ឡើងជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាយ ដោយលោក ជាវ តាយ ឡើងមកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។
បើគ្មានអ្វីប្រែប្រួលទេ តាមគម្រោងនៅថ្ងៃ២១ វិច្ឆិកា សម្ដេច ស ខេង នឹងអញ្ជើញប្រកាសអភិបាលខេត្តពោធិ៍សាត់ថ្មីផងដែរ។
សូមបញ្ជាក់ថា លោក ជាវ តាយ ឡើងមកកាន់តំណែងជាអភិបាលខេត្តពោធិ៍មិនបានជា១ឆ្នាំស្រួលបួលផងក្រោយរាជរដ្ឋាភិបាលផ្លាស់ប្តូរអភិបាលខេត្តមួយចំនួន។ក្នុងនោះ មុនឡើងមកកាន់ខេត្តនេះ ជំនួសលោក ម៉ៅ ធនិន លោកធ្លាប់ជាអភិបាលខេត្តកំពត៕ ដោយ៖ រិន ចំរើន