កយកា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាគោលនយោបាយស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ កិច្ចសន្ទនាគោលនយោបាយប្រចាំឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានប្រារព្ធធ្វើឡើងរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក-CRDB/CDC) នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២២។

កិច្ចសន្ទនាគោលនយោបាយនេះបានធ្វើឡើងនៅគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព លោក នោ ហ្យន់ជូន (Rho Hyunjun)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា និង លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(គ.ជ.នា/ក.អ.ក-CRDB/CDC)។

គោលបំណងសំខាន់នៃកិច្ចសន្ទនាគោលនយោបាយនេះគឺ ដើម្បីពិភាក្សាអំពីសកម្មភាពរបស់ កយកា-KOICA នៅកម្ពុជា ដូចជាគម្រោងដែលកំពុងដំណើរការ គម្រោងថ្មីសម្រាប់ឆ្នាំ២០២៣ និង២០២៤ កម្មវិធីវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២២ និង ២០២៣ និងការពិភាក្សាអំពីការរៀបចំគម្រោងថ្មីសម្រាប់ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ លោក ឈៀង យ៉ាណារ៉ា បានឱ្យតម្លៃខ្ពស់នូវរាល់សមិទ្ធិផលដែល កយកា-KOICA សម្រេចបានសម្រាប់ប្រទេសកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណចំពោះ កយកា-KOICA និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើននៅកម្ពុជា។

ចំណែកប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) លោក នោ ហ្យន់ជូន (Rho Hyunjun) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលប្រកបដោយផ្លែផ្កាពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅប្រទេសកម្ពុជា។

លោក នោ ក៏បានសង្កត់ធ្ងន់ទៅលើជំហានបន្ទាប់នៃការធ្វើការជាមួយ គ.ជ.នា/ក.អ.ក-CRDB/CDC និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីដែលអាចធ្វើទៅបានសម្រាប់ឆ្នាំ២០២៥។

កយកា-KOICA បាននឹងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឃន៍ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ១៩៩១-២០២២៕ ដោយ៖ គង់ សេដ្ឋាមុនី