UN ព្រុយណេ និងនូវេសហ្សេឡង់ សរសើរសម្តេចតេជោ រៀបចំកិច្ចប្រជុំកំពូលអាស៊ានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នូវេសហ្សេឡង់ បានរួមគ្នាកោតសរសើរចំពោះសម្តេចតេជោ។

ថ្នាកដឹកនាំទាំង៣នេះដែលបានកោតសរសើរប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំកិច្ចប្រជុំកំពូលតាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ដោយជោគជ័យនេះ ធ្វើឡើងក្នុងជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេច នារសៀលថ្ងៃ១៣ វិច្ឆិកា ។

សម្រាប់មេដឹកនាំ UN ក្រៅពីអបអរសាទរសម្ដេចតេជោដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យហើយក៏បានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។

ចំពោះព្រះចៅ ស៊ុល តង់ ដែលបាននាំព្រះរាជបុត្រដ៏ស្រស់សង្ហាមកដែរនោះ បានសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អ និងយ៉ាងជោគជ័យ។ ក្នុងនោះព្រះអង្គក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។

ចំណែក លោកស្រីនាយករដ្ឋមន្ត្រី នូវេសហ្សេឡង់បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន៤ថ្ងៃសម្តេចតេជោអះអាងថា បញ្ចប់ដោយផ្លែផ្កានោះ គឺបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន៧០ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនា។

ក្នុងនោះបានបន្ត និងពង្រឹងទំនាក់ ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ នេះ ។ ដូចគ្នានេះដែរ ប្រទេស៦ទៀត រួមមាន ៖ ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខា ចូលជាសមាជិកក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ប្រទេស ៕ ដោយ៖​ រិន ចំរើន