សម្តេចតេជោ៖ អាម៉េរិក និង ចិន មិនត្រូវការឱ្យកម្ពុជាជ្រើសរើសខ្លួននោះទេ

ភ្នំពេញ៖ កត្តាភូមិសាស្ត្រនយោបាយជាហេតុធ្វើឱ្យមជ្ឈដ្ឋានខ្លះយល់ថា កម្ពុជាលម្អៀងទៅរកចិនជាជាងអាម៉េរិក។ តែតាមពិតជំហររបស់កម្ពុជាឬអាស៊ាន មិនងាករេទៅខាងណា ឬបែរទៅខាងណាឡើយ។

ក្នុងសន្និសីទ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្រាប់អាស៊ាន ឬសម្រាប់កម្ពុជា មិនតម្រូវឱ្យមានការជ្រើសរើសសម្រាប់អ្នកណាទាំងអស់ យើងអត់មានតម្រូវឱ្យជ្រើសរើសចិន ចោលអាម៉េរិក ជ្រើសរើសអាម៉េរិកចោលចិន ហើយទាំងចិនទាំងអាម៉េរិកក៏បានប្រាប់មកវិញថា មិនតម្រូវការឱ្យមានការជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ»។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «យើងបានបញ្ជាក់ពីគោលជំហររបស់យើងរួចហើយ។ ហើយអ្វីដែលបានកំពុងកើតឡើងនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ វាបានបង្ហាញច្បាស់ តើចិននិងអាម៉េរិកមកកម្ពុជា មកប្រទេសអាស៊ានឬប្រទេសអាស៊ានទៅអាម៉េរិកឬទៅចិន ?»។
សម្ដេចបានរម្លឹកថា កាលពីខែឧសភា មេដឹកនាំអាស៊ានបានអញ្ជើញទៅអាម៉េរិកដើម្បីប្រជុំពិសេស មានពេលខ្លះយើងទៅចិន មានពេលខ្លះយើងទៅជប៉ុន មានពេលខ្លះយើងទៅឥណ្ឌា អូស្ត្រាលី វាជារឿងធម្មតាខ្លាំងណាស់។

ទន្ទឹមនេះ សម្ដេចតេជោបានគូសរម្លេចថា «អាស៊ានមានមជ្ឈភាព មានឯករាជ្យរបស់ខ្លួនដោយមិនលម្អៀងទៅខាងណាទេ ដូចដែលយើងបញ្ជាក់ថា យើងមិនមែនជាកូនជឹងរបស់អ្នកណាទេ ហើយអ្វីដែលបានបញ្ជាក់នៅក្នុងទីក្រុងភ្នំពេញនេះគឺច្បាស់ណាស់ដៃគូខាងក្រៅរបស់យើងទោះបីមាន ទោះបីក្រ ទោះបីតូច ទោះបីធំ ត្រូវមកកាន់ទឹកដីរបស់អាស៊ាន។ ប្រទេសកម្ពុជាក្រមែន តូចមែន ក៏ប៉ុន្តែយើងមានសមត្ថភាពអញ្ជើញប្រធានាធិបតីនៃប្រទេសអ្នកមានឱ្យឡើងថ្លែងសុន្ទរកថា ទៅតាមការរៀបចំរបស់យើង។នេះហើយគឺជាឯករាជ្យភាពរបស់អាស៊ានដែលមិនមែនស្ថិតលម្អៀងទៅរកចិនឬលម្អៀងទៅរកអាម៉េរិកនោះទេ»៕
ដោយ៖ គង់ សេដ្ឋាមុនី