អង្គការ Nature Life សង្គ្រោះឆ្មាដាវមួយក្បាល នៅតំបន់បឹងទន្លេឆ្មារ

ភ្នំពេញ៖ ប្រភពពីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ក្រោយពីទទួលបានព័ត៌មានច្បាស់ពីការកំណត់អត្ដសញ្ញាណលើប្រភេទមំសាសី ដែលបានកត់ត្រាក្នុងដើមខែតុលា ឆ្នាំ២០២២កន្លងថា ជាអំបូខ្លាត្រីពិតប្រាកដមែន មន្រ្ដីឧទ្យានុរក្សប្រចាំតំបន់បឹងទន្លេឆ្មារ បានបង្កើនការអនុវត្ដការពារ និង ចុះល្បាតឃ្លាំមើលតាមដានជុំវិញទីតាំងដែលប្រទះឃើញនោះជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស និងសកម្មភាពនានា ដែលអាចប៉ះពាល់ដល់ប្រភេទខ្លាត្រីនេះ។

ជាលទ្ធផលកាលពីដើមខែវិចិ្ឆកា ឆ្នាំ២០២២នេះ មន្រ្ដីឧទ្យានុរក្សប្រចាំស្នាក់ការបាឡត បានទទួលការរាយការណ៍ពីបទល្មើស ចាប់ប្រភេទមំសាសីមួយប្រភេទទៀត ដែលជាឆ្មាដាវ ហើយក៏បានប្រមូលកម្លាំងចុះអន្ដរាគមន៍ភ្លាមៗ ចាប់បានលើជនល្មើសទាំងយប់ ដោយដកហូតបានកូនឆ្មាដាវមួយក្បាល រួចយកទៅលែងក្នុងជម្រកធម្មជាតិវិញ និងបានធ្វើកិច្ចសន្យាព្រមានលើការប្រព្រឹត្ដបទល្មើសនេះទៀត។

បន្ថែមពីនេះ មន្រ្ដីឧទ្យានុរក្ស នឹងរៀបចំផែនការសកម្មភាព ចុះផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងបង្កើនការចុះល្បាតឃ្លាំមើលនៅពេលយប់បន្ថែមទៀត។ អង្គការ Nature Life ក៏បានអរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់មន្រ្ដីឧទ្យានុរក្ស និង សូមអរគុណគម្រោងទន្លេ សាបយើង EU – ទន្លេសាបយើង Our Tonle Sap សម្រាប់ថវិកាគាំទ្រលើសកម្មភាពល្បាតអនុវត្តន៍ច្បាប់នេះ ៕ ដោយ៖ គង់ សេដ្ឋាមុនី