សម្តេចតេជោ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារប្រហែល១០០

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារសមិទ្ធផលប្រហែល១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការនាឆ្នាំបន្តទៀត។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោជឿជាក់ថា ស្មារតីសហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនាដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជាអាទិភាព ក្នុងកិច្ចពិភាក្សាក្នុងរយៈពេល៤ថ្ងៃខាងមុខ។ ដោយឆ្នាំ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់ដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត។

សម្តេចគូសបញ្ជាក់ថា «ក្នុងកិច្ចប្រជុំទាំងនេះយើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើងនាឆ្នាំតទៅមុខ»។

លើសពីនេះនាយករដ្ឋមន្ដ្រីបានស្នើឱ្យអង្គប្រជុំកំពូលអាស៊ានទាំងអស់ផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៅតំបន់នេះ៕ ដោយ៖ រិន​ ចំរើន