សម្ដេចតេជោ ៖ ត្រូវប្រយ័ត្នជានិច្ច ដោយសារស្ថាន ភាពសង្គម-សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានស្នើប្រទេសជាសមាជិកអាស៊ាន ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយសារស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រ ៥៣% និង ៤,៩% ក្នុងឆ្នាំ២០២២ និង២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនសកលលោក។

សម្ដេចតេជោបញ្ជាក់ថា «ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោកនៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ”។

សម្តេចតេជោបន្តថា គ្រប់គ្នាកំពុងស្ថិតនៅលើចំណុច ប្រសព្វដ៏ស្រពេចស្រពិលបំផុតដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានាដែលទាំងអស់គ្នាកំពុងជួបប្រទះ។

នាយករដ្ឋមន្ដ្រីកម្ពុជាលើកឡើងទៀតថា ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិអាចបញ្ចេញឧត្តមភាពរបស់មនុស្ស ៕ ដោយ៖ រិន ចំរើន