រដ្ឋមន្រ្តីការបរទេសខ្មែរសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានឡើង

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានក្នុងពេលឆាប់ៗដើម្បីអ៊ុយក្រែន ទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ ។

ក្នុងជំនួបទ្វេភាគីជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នាថ្ងៃទី១០ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអបអរសាទរអ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោកបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា «ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ» ។

លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយជប៉ុនផងដែរ។

សម្រាប់លោក ឌីមីត្រូ គូលេបា អរគុណកម្ពុជា ចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយ អ្នក ដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលអាចធ្វើឱ្យអ៊ុយក្រែនចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕ ដោ៖ រិន​ ចំរើន