របៀបវារៈសំខាន់ៗ សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានកិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗចំនួន៧

ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធបានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃទីមួយនៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលមានកិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗចំនួន៧ បាននិងកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់ ភោគ បានថ្លែងថា ក្នុងថ្ងៃទីមួយនេះគឺមានកិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗចំនួន៧ ដែលរួមមានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ ដែលនឹងត្រូវបានដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានអាស៊ាន ព្រះរាជសវនាការរបស់ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ពិធីចុះហត្ថលេខាលើលិខិតតូបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ជំនួបដាច់ដោយឡែករវាងបណ្តាថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភា តំណាងយុវជន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលដឹកនាំប្រជុំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានថ្លែងបន្ថែមថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្តិសុខអាស៊ានលើកទី២៥ នឹងធ្វើការពិនិត្យមើលឡើងវិញនូវការវិវត្តន៍ថ្មីៗតាមវិស័យនៃសសរស្តម្ភសហគមន៍នយោបាយសន្តិសុខអាស៊ាន ក៏ដូចជាការតាមដានការអនុវត្ត និងការពិនិត្យមើលឡើងវិញនូវផែនទីបង្ហាញផ្លូវលម្អិតសហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ២០២៥។

ទាក់ទងនឹងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១ រដ្ឋមន្រ្តីការបរទេសនឹងពិនិត្យមើលឡើងវិញទៅលើវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមគន្លឹះរបស់អាស៊ាន អាទិភាព និងការសម្រេចបានសម្រាប់ឆ្នាំ២០២២ ក៏ដូចជាការដាក់ចេញគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ព្រមទាំងការដាក់ពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

បើតាមលោក គង់ ភោគ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា នឹងចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលប្រទេសអ៊ុយក្រែននឹងក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញានេះ។ ដោយឡែក ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងអន្តរសភា គឺមានគោលបំណងផ្លាស់ប្តូរទស្សនៈសំខាន់ៗរវាងស្ថាប័ននីតិប្រតិបត្តិរបស់អាស៊ាន និងស្ថាប័ននីតិបញ្ញត្តិរបស់អាស៊ានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមដើម្បីពង្រឹងសហគមន៍អាស៊ាន។ សម្រាប់ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ានដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងអនុញ្ញាតិឱ្យតំណាងយុវជនអាស៊ានបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំអាស៊ានដើម្បីលើកឡើងនូវគំនិតទស្សនៈ ការព្រួយបារម្ភ និងដំណោះស្រាយ ក៏ដូចជាទទួលបាននូវការណែនាំ និងការចែករំលែកពីបណ្តាថ្នាក់ដឹកនាំអាស៊ានវិញផងដែរ។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា កិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន គឺជាកិច្ចសន្ទនានៃការផ្លាស់ប្តូរយោបល់ ជាពិសេសចែករំលែកពីវិស័យឯកជនក្នុងការធ្វើយ៉ាងណាឱ្យវិស័យធុរកិច្ចឯកជននៅអាស៊ានមានការរីកចម្រើនទៅមុខ ក៏ដូចជាការទទួលយកនូវអនុសាសន៍ និងការចែករំលែកផ្សេងៗពីបណ្តាថ្នាក់ដឹកនាំអាស៊ាន ដើម្បីធានានូវការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យធុរកិច្ចឯកជនក្នុងការកសាងសហគមន៍អាស៊ានជាដើម៕ដោយ៖ គង់ សេដ្ឋាមុនី