ភ្នំពេញ ៖ ខណៈកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញពីកំណើននៃសេដ្ឋកិច្ចអាស៊ានថា កំពុងងើបឡើងវិញ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុក ៥.៣% ឆ្នាំ២០២២ និង៤.៩% ក្នុងឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជិត៣ឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោល នយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម-សេដ្ឋកិច្ច និងជាពិសេស បានដាក់ចេញ«ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញពីការវិបត្តិនៃជំងឺកូវីដ-១៩។
សម្ដេចតេជោបញ្ជាក់ថា «ជាក់ស្តែង យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើនក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា»។
សម្ដេចតេជោថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក៏បានកំណត់បន្ថែមនូវ «គោលដៅយុទ្ធសាស្ត្រចំនួន៤» នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ទី១- ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ទី២-ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ទី៣-ការជំរុញសមាហរណកម្ម បរិយាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និងទី៤-អាស៊ានជាសកលសម្រាប់ភាព រីកចម្រើន និង ការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាព ធន់ផងដែរ ៕ ដោយ៖ រិន ចំរើន