ភ្នំពេញ ៖ ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អាស៊ានត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយនានាដែលមានស្រាប់ ។
ការលើកឡើងរបស់សម្តេចតេជោនេះ ដើម្បីសំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សា បាន នូវទំនើបកម្ម, ទាន់សម័យមានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាបច្ចុប្បន្ន។
សម្ដេចតេជោក៏បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់អាស៊ានដោយបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់។ សម្ដេច ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទាំងក្នុង និង ក្រៅអាស៊ាន ក៏ដូច ជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់៕ ដោយ៖ រិន ចំរើន