ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូននឹងអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យស្ពានព្រែកតាមាក់ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ ត្រូវបានបញ្ចប់។
យោងតាមសេចក្តីជូនដំណឹងដល់ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីប្រធាននាយកដ្ឋាន/អង្គភាព និងលោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត កាលពីថ្ងៃ ១ ខែវិច្ឆិកា បញ្ជាក់ថា ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេស ថែទាំស្ពានពីអ្នកជំនាញការរបស់ក្រុមហ៊ុនចិន។
នៅក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញ លោក-លោកស្រីជាប្រធាននាយកដ្ឋាន/អង្គភាពដែលពាក់ព័ន្ធនឹងការងារបច្ចេកទេសផ្លូវថ្នល់ និងស្ពាន ព្រមទាំងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត មេត្តាចូលរួមអម ឯកឧត្តម ទេសរដ្ឋមន្តី នៅក្នុងដំណើរបេសកកម្មខាងលើ តាមការគួរ៕