នាយករដ្ឋមន្រ្តី ៖ កម្ពុជា បើកចំហសេដ្ឋកិច្ចខ្ពស់ ដោយផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ទោះកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី ក៏កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើវិធានច្បាប់ជាគោល និងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល។

ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆាំ្ន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្ដីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា ជិត៣ឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ដែល កំពុងតែលូតលាស់យ៉ាងរហ័ស ជាពិសេសតំបន់អាស៊ីបូព៌ា ដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក។

សម្ដេចតេជោបន្ដថា ការសិក្សារបស់ស្ថាប័នអន្តរជាតិ សំខាន់ៗ បានបង្ហាញឲ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ប៊ីលានដុល្លារអាមេរិក ធ្វើឲ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀតឲ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិត មធ្យមផងដែរ សម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើន ប្រាក់ចំណូលសកលរហូតដល់ ២៦៣ ប៊ីលានដុល្លារ។

សម្ដេចតេជោ បន្ថែមថា សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ ២០២២ នេះ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៤ភាគរយ ទៅ ១៨ ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣២ភាគរយ ទៅ ៦២ភាគរយ និងដែលចំណូល ពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ ២៣,៤ភាគរយផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំសូមគូសបញ្ជាក់ថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀង អាសិប»។

សម្ដេចតេជោ បញ្ជាក់ទៀតថា ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែល ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែល កម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត៕ ដោយ៖ រិន ចំរើន