សម្តេចតេជោ ៖ កម្ពុជាត្រៀមខ្លួនបញ្ជូនអ្នកដោះមីន ទៅជួយបណ្តុះបណ្តាលអ្នកដោះមីននៅអ៊ុយក្រែន

ភ្នំពេញ ៖ ក្នុងជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ហ្ស៊ែល ឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២សម្តេចបានប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា “សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងថា ដោយសហការជាមួយជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីន របស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប”។

សម្រាប់ លោក ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ។

ក្នុងជំនួបនោះដែរ ពាក់ពន្ធ័នឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានស្នើប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូត ទៅវិញទៅមក៕ ដោយ៖ រិន ចំរើន