កម្ពុជា បើកទូលាយការដាក់ទុនពីបរទេសលើគ្រប់វិស័យហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ កម្ពុជា ស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. នាថ្ងៃទី១ វិច្ឆិកា ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ក៏បានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារ សាងសង់កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់និងបានបញ្ចប់ការដាក់ឱ្យដំណើរការ សាកល្បងដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿន លឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។

លោក ស៊ុន ចាន់ថុលក៏បានគូសបញ្ជាក់ថា វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស៕ ដោយ៖ រិន ចំរើន