ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និង មូលនិធី(KAS)នៃប្រទេសអាឡឺម៉ង់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំយន្តការអនុវត្តគម្រោងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីនៃក្រសួងយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងវិវឌ្ឍន៍ស្ថានភាពនៃសង្គម។
យោងតាមកិច្ចពិភាក្សាមួយរវាងថ្នាកដឹកនាំក្រសួងយុត្តិធម៌ និង មូលនិធី(KAS)នៃប្រទេសអាឡឺម៉ង់ កាលពីថ្ងៃទី ៣១ ខែតុលា បានដាក់ចេញកម្មវិធីនឹងអនុវត្តជាពីរដំណាក់កាល ៖ ទីមួយ : ការរៀបចំសិក្ខាសាលារួមគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ពីអ្នកជំនាញ ចៅក្រម ព្រះរាជអាជ្ញានៃប្រទេសអាឡឺម៉ង់ និងអ្នកជំនាញចៅក្រម ព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកា ខាងមុខនេះ។
និងទីពីរ : ដំណើរទស្សនកិច្ចសិក្សារបស់ចៅក្រម និងព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាឡឺម៉ង ដើម្បីធ្វើការស្វែងយល់ និងដកបទពិសោធន៍បន្ថែមដោយផ្ទាល់ ពាក់ពន្ធ័ទៅនឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ នៅដើមឆ្នាំ២០២៣៕