សម្តេចតេជោ ៖ អ្នករិះគន់ពីការរំលឹកអតីតកាលរបស់កម្ពុជា ស្មើនឹងមិនស្គាល់ឪពុក-ម្តាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានថ្លែងការវាយបកទៅក្រុមប្រឆាំងដែលរិះគន់ដល់ការរំលឹកពីអតីតជូរចត់របស់កម្ពុជាថា ពួកគេមិនហ៊ានរំលឹកពីអតីតកាលកម្ពុជានោះ គឺស្មើនឹងមិនស្គាល់ពីគុណតម្លៃឪពុក-ម្តាយខ្លួនឯង។

ក្នុងពិធីអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច ជាង៦ពាន់នាក់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា បើមនុស្សមិនស្គាល់ពីអតីតកាលហើយ គឺមិនស្គាល់ឪពុក-ម្ដាយ ខ្លួនឯងអីចឹង។

សម្ដេចតេជោបន្ដទៀតថា ក្រោយបញ្ចប់សង្គ្រាម កម្ពុជា ពុំទាន់មានអ្វីនោះឡើយ ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមួយចំនួន មានរថយន្ត និងម៉ូតូជិះ ក៏នៅតែក្រុមប្រឆាំង ជេររាជរដ្ឋាភិបាលទៀត។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «អ្នកខ្លះ គេនៅតែនិយាយថា ចុះទៅរំលឹកស្អីពីអតីតកាលហ្នឹង បើអ្នកមិនរំលឹកពីអតីតកាល ស្មើនឹងអ្នកអត់ស្គាល់ម៉ែ-ឪ ខ្លួនឯងចេញពីណាមក។ អ្នកខ្លះអត់ហ៊ានរំលឹកទេ ខ្លាច ព្រោះខ្លាចអី ព្រោះពីដើមចេញមកអត់មានអីទេ តែឥឡូវនេះមានឡានជិះ វាជេរឯងទៀត»។

សម្ដេចតេជោថា អ្នកខ្លះនៅគណបក្សផ្សេងៗមិនហ៊ាន រំលឹកពីអតីតកាលឡើយ។ សម្ដេចក៏បានលើកពីថ្ងៃទី៧ មករាថា មិនមែនរបស់គណបក្សប្រជាជនកម្ពុជាតែឯងឡើយ គឺរបស់ប្រជាជនគ្រប់រូប ៕ ដោយ៖ រិន ចំរើន