ភ្នំពេញ ៖ ថ្លែងមិនបញ្ចេញចំឈ្មោះទៅលើបុគ្គលជំនាញផ្នែកកសិកម្មណាម្នាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា មានអ្នកខ្លះជំនាញខាងកសិកម្ម ប៉ុន្តែដល់បង្កើតរោងម៉ាស៊ីនកិនស្រូវ តែជំពាក់លុយគេមិនទាន់សង់ ។
ហាក់រិះគន់ទៅលើអ្នកមានជំនាញខាងកសិកម្មបែបនេះហើយ សម្ដេចតេជោក៏រំលឹកថា ជាមួយគ្នានេះដែរក៏មានមន្ដ្រីកសិកម្មនៅតាមបណ្តាខេត្តមួយចំនួន មានឈ្មោះតែកសិកម្ម ប៉ុន្ដែដាំចេកមិនបានហូបផ្លែផង។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍រំលឹកពីការតែតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា មិនទាមទារឱ្យមានជំនាញកសិករទេ ព្រោះជំនាញកសិកម្មមានច្រើន តែអ្វីដែលទាមទារជាចាំបាច់គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅ។
សម្ដេចក៏បានផ្តាំផ្ញើទៅមនុស្សមួយចំនួនថា កុំវាយតម្លៃរដ្ឋមន្ដ្រីកសិកម្មថ្មី ហើយក៏កុំគិតថា «ទាល់តែអាញជំនាញកសិកម្ម ទើបសមរម្យ»។
ដោយសារចំណុចខាងលើនេះ ទើបសម្ដេចតេជោសង្កត់ធ្ងន់ថា «អ្នកខ្លះធ្វើជំនាញកសិកម្ម ធ្វើតែរោងម៉ាស៊ីនកិនស្រូវជំពាក់លុយគេ មិនទាន់សង់ ខ្ញុំមិនដឹង ចឹងធ្វើកសិកម្មខ្លួនឯងមិនចេះផង»។
ទន្ទឹងនឹងនេះ សម្ដេចតេជោថា «ពីដើមខ្ញុំ ឧស្សាហ៍ដើរទៅតាមខេត្ត មិនមែនជាការបន្ទោសបង្អាប់មន្ដ្រីកសិកម្មនៅតាមខេត្តទេ ក៏ប៉ុន្ដែចង់ដាស់តឿន ខ្ញុំថា ពួកអស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានផ្លែស៊ី ។ ឥឡូវត្រូវរកផ្លែមកចុតប្រហុក ប៉ុន្ដែមិនត្រូវរករបស់ប្រជាជន ទៅរករបស់កសិកម្មដាំ”។
សម្តេចនាយករដ្ឋមន្រ្តីបន្តទៀតថា កន្លែងមន្ទីរកសិកម្មមួយៗ អត់មានដើមឈើទេ អត់ដាំបន្លែ គឺអន់ជាងសាលារៀនដែលគ្រូបង្រៀនធ្វើកន្លែងឲ្យកូនសិស្សដាំបន្លែ បង្ការផង៕ ដោយ៖ រិន ចំរើន