សៀមរាប៖ សួនឧទ្យាន ANGKOR WILDLIFE & AQUARIUM ជាផលិតផលទេសចរណ៍ថ្មីមួយ នៅខេត្តសៀមរាប ដោយមានអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការហើយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលមានទីតាំងស្ថិតនៅ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានឱ្យ ដឹងថា សួនឧទ្យាននេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ជាស្ថាពរដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ យើងមាន អាងពិព័រណ៍ ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ជាង១ម៉ឺនម៉ែត្រគូប ដែលបានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេសជាង១០០០ប្រភេទ ព្រមទាំងមាន សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពី ប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ។ល។ គម្រោងនេះ បានសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ ជាមួយ នឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់ នឹងទទួលបានផលិតផលទេសចរណ៍ប្លែក មួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។
លោកបានបន្តថា គម្រោងនេះគ្រោងចំណាយថវិកា៧០លានដុល្លារ ដោយបែង ចែកជា៣ដំណាក់កាល ដំណាក់កាលទី១ មានបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វ ទី២ពង្រីកទ្រង់ដាក់សត្វធំៗដូចជាសត្វដំរីជាដើម និងការរៀបសួនផ្កាអូគីដេនៅកម្ពុជា និងទី៣ការបង្តើតឱ្យមានកន្លែងស្នាក់នៅ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នេះជា ផលិតផលទេសចរណ៍ថ្មីមួយរបស់ខេត្តសៀមរាប និងទាក់ទាញភ្ញៀវទេសចរឱ្យមក ខេត្តសៀមរាប មកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនឡើងវិញ។ ព្រោះពួកគេបានទស្សនា តំបន់អង្គរហើយ បានមកទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium ដែលជាកញ្ចប់ ទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើង មិនធ្លាប់មានពីមុនមក។
ប្រជាពលរដ្ឋដែលបានទៅទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium បានលើកឡើងថា ក្រៅពីការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប សួនឧទ្យាននេះ បានបង្ហាញពីភាពអស្ចារ្យអំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប ដោយបានបង្ហាញពីប្រភេទត្រីទឹកសាបមួយចំនួនរបស់កម្ពុជាដែលជិតផុតពូជ ដែលយើងធ្លាប់តែឃើញតាមរូបថតឥឡូវបាន ឃើញពិត ជាចំណែកក្នុងការអប់រំយុវជនឱ្យ ចេះការអភិរក្ស ប្រភេទត្រីទាំងនោះផងដែរ។
សូមបញ្ជាក់ថា សម្រាប់សំបុត្រទស្សនាសម្រាប់មនុស្សធំ តម្លៃម្នាក់១០ដុល្លារ និងក្មេងអាយុ០៣ឆ្នាំម្នាក់៥ដុល្លារ៕ ដោយ៖ គង់ សេដ្ឋាមុនី