ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញពីមោទកភាពអំពីថ្នាក់ដឹកកំពូលៗរបស់ប្រទេសមហាអំណាចដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃ៨ដល់១៣វិច្ឆិកា ។ ការបង្ហាញពីមោទកភាព នេះដោយសារសម្តេចតេជោ អះអាងថា មកពីកម្ពុជា គ្មានការវាយប្រហារភេរវកម្ម ទើបបណ្តាឲ្យថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចជាច្រើនមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ។
បើតាមព័ត៌មានផ្លូវការមកដល់ពេលនេះ មានកំពូលមេដឹកនាំពិភពលោកមួយចំនួនបានឆ្លើយតបមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដូចជា ៖ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង ជាពិសេសសម្តេចក៏កំពុងរង់ចាំការឆ្លើយតបពីលោក ពូ ទីន ប្រធានាធិបតីរុស្ស៊ីផងដែរ។
ថ្លែងចេញពីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រ សេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោលើកឡើងថា ដោយ សារកម្ពុជាពុំមានសកម្មភាពវាយប្រហារភេរវកម្ម ទើបថ្នាក់ដឹកនាំកំពូលបណ្ដាប្រទេសនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្ដេចតេជោបន្តថា សម្រាប់វត្តមានលោក ចូ បៃឌិនវិញគឺរថយន្តរបស់លោកក្នុងការធ្វើដំណើរនៅកម្ពុជាចុូលរួមកិច្ចប្រជុំនោះ បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី៣១ តុលា ។
ការមកដល់រថយន្តរបស់លោកប្រធានាធិបតីអាមេរិកមុនម្ចាស់នេះ ត្រូវបានសម្ដេចអះអាងថា មិនមែនលោក ចូ បៃឌិន មិនទុកចិត្តកម្ពុជាទេ តែលោកទៅណាគឺត្រូវយករថយន្ដផ្ទាល់ខ្លួនទៅជាមួយជានិច្ច។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា បើសិនប្រធានាធិបតីរុស្ស៊ី លោក ពូ ទីន មកកម្ពុជានោះ គឺលោកក៏នឹងបញ្ជូនរថយន្ដផ្ទាល់ខ្លួនមកដែរ ខណៈថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្ដនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញក្ដីរីករាយថា ការជួបជុំរបស់ថ្នាក់ដឹកនាំកំពូលនៅកម្ពុជា នាពេលខាងមុខនេះ មិនមែនជារឿងតូចតាចសម្រាប់ប្រទេសក្រីក្រមួយឡើយ នេះដោយសារកម្ពុជា មានសុខសន្ដិភាព ទើបមិត្តភក្តិបរទេសអញ្ជើញមក។
នាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ដោយសារប្រទេស យើង ពុំមានសកម្មភាពវ៉ៃប្រហារភេរវកម្ម ដែលយើងការពារបាន សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ទើបមិត្តភក្តិរបស់យើងមកប្រជុំ សុទ្ធតែជាមហាអំណាច។ ពិតមែនហើយមកដល់ម៉ោងនេះ មិនទាន់ទទួលព័ត៌មាន ពីឆ្លើយតបពី ប្រធានាធិបតីរុស្ស៊ីនោះទេ សម្រាប់ការចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៊ី និងការប្រជុំអាស៊ីបូព៌ា តែយ៉ាងណាក៏បានអញ្ជើញគាត់ ចូលរួមកិច្ចប្រជុំដែរ»៕ ដោយ រិន ចំរើន