ភ្នំពេញ៖ គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ គឺជាមូលដ្ឋានគ្រឹះជំរុញការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ដើម្បីសម្រេចបាននូវគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ហើយ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ថ្មី គឺជាយន្តការអនុវត្តជាក់ស្ដែង ដែលបានពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានលើកិច្ចការអនាម័យ និងបរិស្ថាន។
ក្រសួងបរិស្ថាន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរាដ្ឋាភិបាលរួមមាន៖ ១) ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ២)ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ៣) ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង៤)អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ចាយ សាមិត្ត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ក្នុងឱកាសធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលសិក្ខាសាលាបូកសរុបការងារវិមជ្ឈការ និងវិសហមជ្ឈការវិស័យបរិស្ថានឆ្នាំ២០២២ នៅក្នុងសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ចាយ សាមិត្ត បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម ព្រមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ នឹងឈានទៅសម្រេចឱ្យបានឋានៈប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ ក្នុងការអនុវត្តគោលនយោបាយកែទម្រង់នេះ ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជននានា។
ក្រសួងបរិស្ថានបានប្រគល់មុខងារចំនួន ៥ និងមុខងាររងចំនួន ៦ និងសកម្មភាពចំនួន ២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ មុខងារទាំង ៥ នោះរួមមាន៖ (១) ការងាររដ្ឋបាលការពារនិងអភិរក្សធម្មជាតិ (២) ការងារសហគមន៍មូលដ្ឋាន (៣) ការងារកិច្ចគាំពារបរិស្ថានដែលក្នុងនោះរួមមាន ការគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់។ (៤) ការងារចំណេះដឹងនិងព័ត៌មានបរិស្ថាន និង (៥)ការអភិវឌ្ឍដោយចីរភាព។
ដើម្បីអនុវត្តមុខងារទាំងនេះប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ ក្រសួងបរិស្ថានមិនមែនត្រឹមតែផ្ទេរតែមុខងារប៉ុណ្ណោះទេ ប៉ុន្តែបានផ្ទេរធនធានហិរញ្ញវត្ថុ និងការផ្ទេរធនធានមនុស្ស និងសម្ភារបច្ចេកទេសបន្ថែមទៀត។ ចាប់តាំងពីឆ្នាំ ២០១៥ មក មានការផ្ទេរធនធានហិរញ្ញវត្ថុដែលជាថវិកាអនាម័យបរិស្ថានក្រុងចំនួន ៨០០០ លានរៀនក្នុងមួយឆ្នាំ និងថវិកាបន្ទុកបុគ្គលិក និងបុព្វហេតុ រដ្ឋបាលចំនួន ៣២១៧លានរៀលក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់សម្ភារបច្ចេកទេសរួមមាន៖ ម៉ាស៊ីននចម្រោះទឹកស្អាតចំនួន ២៣០ គ្រឿង រឺម៉កម៉ូតូកង់បីចំនួន ១១៨ គ្រឿង រថយន្តដឹកសំរាមចំនួន ៤៨ គ្រឿង ឡដុតសំរាមចំនួន ៥៤ គ្រឿង៕ ដោយ៖ គង់ សេដ្ឋាមុនី