សម្តេចតេជោ នឹងជួបប្រធានាធិបតីអ៊ុយក្រែន ថ្ងៃ១ វិច្ឆិកា ខណៈសម្តេចកំពុងរង់ចាំការឆ្លើយតបពីលោកពូទីន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនដែលនឹងបញ្ចប់នៅចុងឆ្នាំនេះ បានប្រកាសកំណត់ពេលវេលាជួបពិភាក្សាការងារជាមួយ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

ក្នុងគ្រាថា នឹងជួបប្រធានាធិបតីអ៊ុយក្រែនដែលជាគូជម្លោះជាមួយរុស្ស៊ីអស់ប្រមាណជា១ឆ្នាំមកនេះ សម្តេចតេជោ ក៏កំពុងរង់ចាំការឆ្លើយតបពី ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីផងដែរ។ ការរង់ចាំចម្លើយ ឬក៏ការឆ្លើយតបពីកំពូលមេដឹកនាំរបស់លោកពូទីន គឺសម្រាប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃ១២និង១៣ វិច្ឆិកា ខាងមុខ ខណៈលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ប្រកាសចូលរួមកិច្ចប្រជុំកំពូល តាមការអញ្ជើញរបស់សម្តេចតេជោ។

សម្រាប់ជំនួបដ៏កម្ររវាងនាយករដ្ឋមន្រ្តីកម្ពុជា ជាមួយប្រធានាធិបតីអ៊ុយក្រែននេះ ត្រូវបានសម្តេចតេជោ ប្រកាសក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

នាឱកាសនោះ សម្ដេចតេជោបញ្ជាក់ថា «នឹងជួបប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១ វិច្ឆិកា នៅម៉ោង ៤រសៀល ម៉ោងនៅភ្នំពេញ និងម៉ោង១១ ថ្ងៃទី១ វិច្ឆិកា នៅឯទីក្រុងគៀវ ។ អីចឹងយើងមានកិច្ចសន្ទនាជាមួយ ប្រធានាអធិបតីអ៊ុយក្រែន»។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានលើកឡើងថា សម្ដេចក៏កំពុងរងចាំលោក ពូ ទីន ប្រធានាធិបតីរុស្ស៉ី តើប្រធានាធិបតី ពូ ទីន អញ្ជើញមកកាន់កម្ពុជាឬអត់? ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា។ សម្ដេចថា ឆ្នាំ២០២២នេះ គ្រប់ក្រសួង-ស្ថាប័ន បានធ្វើកិច្ចការងារច្រើនជាមួយកិច្ចការងារ ក្នុងប្រទេសផង និងការងារបរទេសផង ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២៕