ភ្នំពេញ ៖ បញ្ជាក់បន្ថែមពីលើលិខិតរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកមកកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា លោកប្រធានាធិបតីអាមេរិករូបនេះ នឹងអញ្ជើញមកកម្ពុជា នៅថ្ងៃ១២-១៣វិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលឆាប់ៗខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចេញ ផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២បានឲ្យដឹងថា លោកប្រធានាធិតី Joe Biden នឹងមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី១២-១៣ ខែវិច្ឆិកា សម្រាប់កិច្ចកំពូលចំនួន២ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលប្រជុំអាស៊ីអាគ្នេយ៍។ បន្ទាប់មកទៀត លោក ចូ បៃដិន នឹងបន្តដំណើរទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី១៣-១៦ វិច្ឆិកា។
ស្របពេលមកកម្ពុជានេះ លោក ចូ បៃដិន ក៏នឹងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួន មកកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC ផងដែរ។នេះបើតាមប្រសាសន៍សម្តេចតេជោ ឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ សូមជម្រាបជូនដែរថា កន្លងទៅ ខ្ញុំមិនទាន់និយាយ ដោយសារភាគីសហរដ្ឋអាមេរិក ក៏មិនទាន់បានបញ្ជាក់ យើងដឹងភាគីអាមេរិក បានផ្ដល់ព័ត៌មានមកយើង ប៉ុន្ដែខ្ញុំមិនទាន់បានប្រកាសទេ ដោយសារតែរក្សាទុកឲ្យខាងសេតវិមាន ពីទីក្រុងវ៉ាស៊ីនតោនប្រកាសវិញ។ ឥឡូវច្បាស់លាស់ហើយថា ប្រធានាធិបតីអាមេរិកសហរដ្ឋអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា នៅទីក្រុងភ្នំពេញ»៕