សម្តេចតេជោនាយករដ្ឋមន្រ្តីណែនាំលោក ឌិត ទីណា រកវិធីសាស្រ្តផលិតពូជស្រូវ ក៏ដូចជាពូជដំណាំផ្សេងៗទៀត

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី រកវិធីសាស្រ្តនិងរូបមន្តណាមួយដែលសមស្របសម្រាប់ផលិតពូជស្រូវ ក៏ដូចជាដំណាំផ្សេងៗទៀត ជាពិសេសការផ្តោតទៅលើការផលិតពូជស្រូវ ពីព្រោះថាសព្វថ្ងៃនេះនៅពេលដែលបញ្ចេញពូជស្រូវអស់ហើយត្រូវទៅទិញពូជស្រូវថ្មីមកហើយក៏មិនប្រាកដនោះទេដែលពូជថ្មីនោះវាសុទ្ធ។ សម្តេចតេជោបានណែនាំបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញចែកពូជស្រូវដល់ប្រជាកសិករប្រមាណជាង១ម៉ឺនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងនៅថ្ងៃទី២៤ តុលានេះ។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី «អញ្ជឹងចាំបាច់យើងដកពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ។ យើងដកពិសោធន៍ហើយ ដូច្នេះចាំបាច់យើងត្រូវរៀបចំដើម្បីឱ្យមានការផលិតពូជស្រូវដែលចាប់ផ្តើមពីគំនិតផ្គួចផ្តើមរបស់រដ្ឋដែលត្រូវការប្រមូលទិញផងហើយអាចប្រជាពលរដ្ឋរបស់យើងក៏ទិញពូជសុទ្ធឬក៏យកស្រូវរបស់យើងទៅដូរជាមួយស្រូវពូជដែលវាសុទ្ធ»។

ពាក់ព័ន្ធនឹងការងាររបស់ក្រសួងកសិកម្មនាពេលខាងមុខនេះ សម្តេចតេជោ ថាមិនមែនដំណើរការសម្រាប់ការផលិតធម្មតានោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណេញពីការធ្វើកសិកម្មរបស់ពួកគាត់។ សម្តេចបានលើកជាឧទាហរណ៍ថា «ដូចសូម្បីតែបច្ចេកទេសនៃការព្រូសពូជស្រូវ។ កន្លែងខ្លះគឺគេត្រូវការត្រឹមតែសាមសិបគីឡូគឺធ្វើបានមួយហិកតា ព្រូសហាសិបគីឡូបានមួយហិកតាហើយ ប៉ុន្តែបងប្អូនខ្វះបច្ចេកទេសលេងពូយមួយហិកតាអស់មួយរយគីឡូ។ អញ្ចឹងទេគ្រាន់តែតម្លៃស្រូវពូជគឺវាបាត់បង់អស់មួយចំនួនហើយ»៕