មន្ត្រីជាន់ខ្ពស់រដ្ឋសភាកោតសសើបក្សកុម្មុយនីស្តចិន មានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ការកសាងសង្គមនិយមទំនើបអស្ចារ្យ

ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកតាមដានយ៉ាងយកចិត្តទុកដាក់លើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានកោតសសើរបក្សកុម្មុយនីស្តចិន មានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ការកសាងសង្គមនិយមទំនើបអស្ចារ្យ តាមបែបផែនរបស់ខ្លួន។

ការកោតសសើរនេះ ធ្វើឡើង ក្រោយពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដោយបានចាត់ទុកថា សមាជនេះគឺជាសមាជដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែកម្ពុជាទេ ដែលកំពុងតាមដាន គឺពិភពលោកទាំងមូលចង់ដឹងណាស់ អំពីលទ្ធផលនៃសមាជនេះ។

លោក បានគូសបញ្ជាក់ពីសមិទ្ធផលធំៗជាច្រើន ដែលបក្សកម្មុយនីស្តចិនសម្រេចបាន សម្រាប់ជាតិ និងបានលើកឡើងថា ប្រជាជនចិន ដែលរស់នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន គឺសុទ្ធតែមានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ការកសាងសង្គមនិយមទំនើបអស្ចារ្យ តាមបែបផែនចិន។

លោក សង្កេតឃើញថា បើទោះបីជាស្ថានភាពអន្តរជាតិមានបញ្ហាស្មុគស្មាញធ្ងន់ធ្ងរ ប៉ុន្តែប្រទេសចិននៅតែបើកនាវារបស់ខ្លួន ដោយរលូន ដើម្បីបញ្ចេញនូវអនុភាពនៃការអភិវឌ្ឍ ដោយសន្តិភាព តាមរយៈការរៀបចំសមាជនេះ។ ជាមួយគ្នានេះ មានការលំបាកជាច្រើនបក្សកម្មុយនីស្តចិនបានឆ្លងកាត់ និងបានសម្រេចរួចហើយនូវគោលដៅ ១០០ឆ្នាំ ក្នុងនោះ ការធ្វើឲ្យសង្គមមានភាពរីកចម្រើនកម្រិតមធ្យម ជាពិសេស អ្វីដែលជោគជ័យបំផុត នៃបក្សកម្មុយនីស្តចិន គឺបានរៀបចំសមាជ ចំពេលដែលខ្លួនបានសម្រេចនូវការរួចផុតចេញ ពីភាពក្រីក្រទាំងស្រុង ដែលនេះគឺជាចំណុចពិសេស ព្រោះ ក៏ចំពេលដែលមានបញ្ហាវិបត្តិសកលនៃជំងឺកូវីដ១៩ ហើយការលុបបំបាត់ភាពក្រីក្រនេះហើយបានចូលរួមលើកទឹកចិត្តដល់ប្រជាជនចិនស្រលាញ់ ចូលចិត្តគណបក្សកម្មុយនីស្តចិនកាន់តែខ្លាំងឡើងថែមទៀត។

លោកថ្លែងថា «សមាជបក្សកុម្មុយនីស្តចិន លើកទី២០ មានសារៈសំខាន់ណាស់ ហើយយើញថា គ្រប់ទិដ្ឋភាពទាំងអស់ គឺប្រជាជនរស់នៅក្រោមការដឹកនាំរបស់បក្ស មានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ការកសាងសង្គមនិយមទំនើបអស្ចារ្យ របស់ខ្លួនតាមបែបលក្ខណៈរបស់ខ្លួន ហើយគោរពបាននូវគោលការណ៍សន្តិភាព គោរពបាននូវអធិបតេយ្យភាព និងការសន្ទនាជាមួយនឹងប្រទេសជាដៃគូ គណបក្ស ជាដៃគូ»។
លោក សួស យ៉ារ៉ា ក៏បានបង្ហាញនូវការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល និងសន្តិសុខសកលរបស់ចិន ដោយឯកឧត្តម ចាត់ទុកថា គឺជាគំនិតថ្មីបំពេញបន្ថែម លើទំនាក់ទំនងអន្តរជាតិ។

ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង រវាងគណបក្ស ប្រជាជនកម្ពុជា និង គណបក្ស កុម្មុយនីស្តចិន នៅពេលអនាគត លោក សួស យ៉ារ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា គឺតែងតែជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបក្សកុម្មុយនីស្តចិន ព្រមទាំងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីឲ្យមានភាពស្និទស្នាល រក្សាបាននូវឧត្តមប្រយោជន៍ជាតិ និងមិត្តភាពនៃប្រជាជនកម្ពុជា-ចិន មានភាពយូរអង្វែង។

លោកថ្លែងថា «ចំណុចពិសេស ក្នុងទំនាក់ទំនងនៃគណបក្សយើងទាំងពីរ ក៏ដូចជា រដ្ឋាភិបាល ប្រជាជន ប្រជាជនបានន័យថា រដ្ឋសភាក៏អញ្ចឹងដែរ គឺយើងបានរក្សានូវគោលការណ៍សំខាន់ មិត្តចិនគឺជាមិត្តដែកថែបនិងជាមិត្តអមតៈ ដែលអាចនឹងបន្តនៅគ្រប់ជំនាន់ និងរក្សានូវទ្រឹស្តីនេះ ដើម្បីធ្វើការឲ្យបង្កើតចេញនូវផ្លែផ្កា សម្រាប់រក្សានូវចំណងប្រពៃណី មិត្តភាពនិង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។
យោងតាមឯកសាសរបស់លេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ បានឱ្យដឹងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។

របាយការណ៍បានបូកសរុបការងារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះនិងការផ្លាស់ប្តូរដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំក្នុងយុគសម័យថ្មីចាប់តាំងពីពេលបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ព្រមទាំងបានកំណត់ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីនិងដំណើរថ្មី ពោលគឺ ចាប់ពីពេលនេះទៅ ភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនគឺរួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ដើម្បីរួមគ្នាកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចគោលដៅតស៊ូមួយរយឆ្នាំទី២ និងជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញតាមបែបផែនទំនើបចិន។

បក្សកុម្មុយនីស្តចិនបានកំណត់គោលដៅតស៊ូមួយរយឆ្នាំចំនួនពីរសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន។ គោលដៅមួយរយឆ្នាំទី ១ គឺការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយត្រូវបានសម្រេចក្នុងខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ របាយការណ៍នេះបានធ្វើការចាត់ចែងលម្អិតអំពីគោលដៅមួយរយឆ្នាំទី ២ គឺការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយក្នុងឱកាសខួបមួយរយឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅពាក់កណ្តាលសតវត្សរ៍នេះ។

របាយការណ៍បានចង្អុលបង្ហាញថា ប្រទេសចិនបានចាប់ផ្ដើមឈានចូលដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ រយៈពេលប្រាំឆ្នាំខាងមុខគឺជារយៈពេលដ៏សំខាន់សម្រាប់ការចាប់ផ្តើម។ របាយការណ៍នេះបានលើកឡើងនូវគំនិតថ្មី យុទ្ធសាស្រ្តថ្មី និងវិធានការថ្មីសម្រាប់សម្រេចគោលដៅមួយរយឆ្នាំទី ២ ដោយផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពង្រឹងការទ្រទ្រង់ដោយធនធានមនុស្សដើម្បីធ្វើទំនើបកម្ម ធានាសិទ្ធិជាម្ចាស់នៃប្រទេសជាតិរបស់ប្រជាជន ជំរុញការកសាងនីតិរដ្ឋ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ជំរុញការរួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ រក្សាសន្តិសុខជាតិនិងស្ថិរភាពសង្គម និងការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ល។

តំណាងបក្សនិងតំណាងពិសេសជាង ២៣០០ នាក់ តំណាងក្រៅបក្សនិងអ្នកទទួលខុសត្រូវពាក់ព័ន្ធបានអញ្ជើញចូលរួមសមាជលើកនេះ ។
សូមបញ្ជាក់ថា សមាជនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែតុលា ។ អង្គសមាជនឹងស្តាប់និងពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ពិនិត្យរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ពិនិត្យពិភាក្សាដើម្បីអនុម័ត (សេចក្តីព្រាងច្បាប់វិសោធនកម្ម)”លក្ខន្តិកៈបក្សកុម្មុយនីស្តចិន” ព្រមទាំងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី។

បក្សកុម្មុយនីស្តចិនដែលមានប្រវត្តិសាស្រ្ត ១០១ ឆ្នាំបានកាន់អំណាចរយៈពេល ៧៣ ឆ្នាំជាប់ៗ ចាប់តាំងពីពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក។ សមាជបក្សកុម្មុយនីស្តចិននិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបង្កើតឡើងដោយសមាជបក្ស គឺជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តចិន។ សមាជបក្សកុម្មុយនីស្តចិនបើកធ្វើជារៀងរាល់ប្រាំឆ្នាំម្តង៕ ដោយ៖ KC-006