ភ្នំពេញ៖ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញពលរដ្ឋកម្ពុជាចេះរៀនគិតបែបទស្សនវិជ្ជាតាមរយៈការសិក្សាស្វែងយល់ឱ្យច្បាស់អំពីធម្មជាតិនិងសង្គម។ នេះបើតាមការបង្ហោះរបស់លោកបណ្ឌិតតាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីថ្ងៃទី២៣ តុលាម្សិលមិញនេះ។
លោកបណ្ឌិត បានផ្តល់ជាទស្សនៈទានមួយចំនួនដូចជា៖ តើអ្វីទៅជាជីវិតពិត?(កើត ចាស់ ឈឺ ស្លាប់, មានរូបមានទុក្ខ…, ឧទាហរណ៍ បើយើងមានអាយុតែ១០០ឆ្នាំ តើយើងត្រូវធ្វើខ្លះ? ចម្លើយ គឺយើងត្រូវធ្វើអ្វីដែលចាំបាច់និងបន្ទាន់ អ្វីដែលសំខាន់មិនអាចខ្វះបាន អ្វីដែលគួរធ្វើ និងអ្វីដែលអាចធ្វើបាន…។ តើអ្វីទៅជាបាតុភូតសង្គម? (មានសង្គមគឺមានបញ្ហា ការប្រព្រឹត្តិល្អនិងអាក្រក់ មានសមភាពនិងអសមភាព មានយុត្តិធម៌និងអយុត្តិធម៌ មានភាពស្មោះត្រង់និងការភូតកុហក ការជិះជាន់និងការររើបម្រះ ការប្រកួតប្រជែង មានជោគជ័យនិងបរាជ័យ ការរីកចម្រើននិងភាពអន់ថយ ការជួប ការព្រាត់ប្រាស់ សន្តិភាពនិងសង្គ្រាម…)
តើអ្វីទៅជាបាតុភូតធម្មជាតិ? (ភ្លៀង ខ្យល់ព្យុះ រន្ទះ ទឹកជំនន់ រលកយក្ស ការរញ្ជួយផែនដី បន្ទុះភ្នំភ្លើង…)។ ក្រោយពីសិក្សាស្វែងយល់ច្បាស់ហើយ យើងត្រូវតែទទួលយកការណ៍ពិតទាំងនោះ យើងត្រូវគេច ត្រូវបញ្ចៀស ត្រូវបង្ការ ត្រូវប្រឈមនិងដោះស្រាយតាមចំណេះដឹង ការពិចារណា បទពិសោធន៍ គតិបណ្ឌិត និងលទ្ធភាពពិតរបស់យើង។
ក្នុងនាមជាអ្នកចូលចិត្តបញ្ចេញទស្សនៈតាមប្រព័ន្ធផ្សព្វផ្សាយផង លោក បណ្ឌិត ឈត ប៊ុនថង បានលើកឡើងយកបញ្ហាចំនួនបីចំណុចដើម្បីឱ្យមហាជនធ្វើការពិចារណាក្នុងនោះរួមមាន៖ ទី១.រស់នៅជាមួយការណ៍ពិតឬសច្ចភាព ប្រសើរជាងរស់នៅជាមួយការណ៍ប្រឌិត គំនិតស្រមើស្រមៃឬភាពមិនពិត។
ទី២.រស់នៅជាមួយសមត្ថភាព លទ្ធភាព ការប្រឹងប្រែង ធនធាន សក្ដានុពល បរិស្ថាន តថភាព ការពិចារណាសមហេតុផល ទំនាក់ទំនងហេតុផល និងពឹងលើអ្វីៗដែលខ្លួនមាន ប្រសើរជាងការរស់នៅដោយពឹងលើអ្នកដទៃ កម្លាំងក្រៅខ្លួន អាទិទេព ការគិតមិនសមហេតុផល ព្រេងសំណាង ព្រហ្មលិខិត ជំនឿមិនសមហេតុផល ការទស្សន៍ទាយ មន្តអាគម ឬពឹងលើឋានសួគ៌ ឋាននរក និងទី៣.បើយើងមិនអាចគេចផុតពីធម្មជាតិនិងសង្គមបាន ចូរទទួលយកនិងរៀនរស់ជាមួយធម្មជាតិនិងសង្គមនោះ៕