សម្ដេចតេជោ ជំរុញអ្នកវិនិយោគទីម័រ មកបណ្តាក់ទុនលើវិស័យស្រូវ អង្ករ នៅកម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ឲ្យជំរុញអ្នកវិនិយោគទីម័រ មកបណ្តាក់ទុនលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចតេជោ និងលោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នៅរសៀលថ្ងៃ២០ តុលា ក្នុងឱកាសលោកកំពុងបំពេញទស្សនកិច្ចកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនោះថា
“សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីណាមានអ្នកវិនិយោគទីម័រខាងកើត មកវិនិយោគនៅកម្ពុជាយើង លើម៉ាស៊ីនកិនស្រូវ លើម៉ាស៊ីនសម្ងួត ក៏ដូចជាទិញស្រូវអង្ករពីកម្ពុជាយើង ដើម្បីធ្វើការទិញកិនហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្តង”។

បើតាមជំនួយការដដែល គឺសម្តេចក៏ប្រាប់លោកប្រធានាធិបតីទីម័រថា កម្ពុជាបានអនុញ្ញាតឱ្យបរទេសវិនិយោគ១០០ភាគរយ ។ នេះជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគរបស់ទីម័រខាងកើតមកកាន់កម្ពុជា។

ចំណែកលោកប្រធានាធិបតីទីម័រវិញ ក៏បង្ហាញបំណងចង់ពង្រីកពង្រឹង ចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង តាមរយៈឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ចំណុចខាងលើដែលលើកដោយលោកប្រធានាធិបតីគឺសម្តេចតេជោ បានសម្តែងស្វាគមន៍ចំពោះការ ហោះហើរត្រង់រវាងទីម័រខាងកើត និងកម្ពុជា ។ ដោយ សម្តេចបានចាត់ទុកថា ការហោះហើរត្រង់នេះ នឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕