ជប៉ុន មិនលូកដៃចូលកិច្ចការផ្ទៃក្នុង គ.ជ.ប

ភ្នំពេញ ៖ ជប៉ុនប្រកាសមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែបានលើកទឹកចិត្ត គ.ជ.ប បង្កើនកិច្ចសហការជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយជាពិសេសបក្សប្រឆាំង ។

នេះជាការលើកឡើងរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាក្នុងជំនួបជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប នាថ្ងៃ១៩ តុលា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ជប៉ុននៅតែប្រកាន់ជំហរបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោត ជាក់ស្ដែងអ្នកជំនាញការជប៉ុនផ្នែកអប់រំអ្នកបោះឆ្នោត លោក តូម៉ូយូគិ តាតស៊ូមិ បាននិងកំពុងបំពេញការងារយ៉ាងសកម្មនៅទីស្ដីការ គ.ជ.ប លើគម្រោងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យនៅតាមបណ្ដាគ្រឹះស្ថានសិក្សានៃរាជធានី ខេត្ត។

លិខិតបញ្ជាក់ថា «ប្រទេសជប៉ុនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ ប៉ុន្តែលោកលើកទឹកចិត្តឲ្យគ.ជ.ប បង្កើនកិច្ចសហការលើការងារអប់រំអ្នកបោះឆ្នោតជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើនដៃគូពិភាក្សាជាមួយគណបក្សនយោបាយ ពិសេសគណបក្សនយោបាយប្រឆាំង»។

ការលើកឡើងភាគីជប៉ុននេះ ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕