លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បញ្ជាឱ្យទ័ពប្រឆាំងចលនាខុសច្បាប់ដែលអាចទាញប្រទេសទៅរកសង្គ្រាម

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យកងទ័ពប្រឆាំងដាច់ខាត់ ចំពោះចលនាខុសច្បាប់ដែលអាចទាញប្រទេសទៅរកភ្នក់ភ្លើងសង្គ្រាម។

ការលើកឡើងនេះ ស្របពេលលោក សម រង្ស៊ី ដែលត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ងារឲ្យថា “ជាជនក្បត់ជាតិ៣ជំនាន់” នោះបានអំពាវនាវជាថ្មី ដល់កងកម្លាំងប្រដាប់អាវុធងើប ឡើងបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ខាងមុខដែលជាឆ្នាំបោះឆ្នោត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលរបស់កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាព កាលពីថ្ងៃ២០ តុលា ​លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា អ្នកនយោបាយ ជ្រុលនិយមមួយចំនួន តែងតែធ្វើការញុះញង់ អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិ ដើម្បីធ្វើយ៉ាងណាបំពេញ មហិច្ឆតានយោបាយរបស់ខ្លួន។

ក្នុងនោះលោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា “ដូចនេះ សូមបន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះ ឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាត់ចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញ ប្រទេសជាតិ ទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ”។

លោកថា ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ភារកិច្ចអាទិភាពចម្បង គឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ តាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំ ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដើម្បីភាពម្ចាស់ក្នុងការឆ្លើយតប ទៅគ្រប់ស្ថានការណ៍យថាហេតុនានា៕ ដោយ៖ រិន ចំរើន