ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ និងឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បាន រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់ បោក បញ្ឆោតប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ។
ការរួមគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាលនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តតៃនិញ ប្រទេសវៀតណាម នាថ្ងៃទី១២ តុលា ។
ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង បានឯកភាពគ្នា៧ចំណុច៖
១-បន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដោយផ្តោតលើកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
២-បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធការបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់ បំផុសបំផុល បោកបញ្ឆោតប្រជាពលរដ្ឋនៅភូមិសាស្រ្តបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
៣-បង្កើនការល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យគោរពឯករាជ្យ អធិបតេយ្យជាតិ ច្បាប់ ទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ គោរពប្រតិបត្តិលក្ខន្តិកៈគ្រប់គ្រងព្រំដែន ឱ្យបានហ្មឺងម៉ាត់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
៤-ជំរុញសកម្មភាពឃោសនាបំផុសប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យចូលរួមក្នុងចលនាបង្ការ ប្រឆាំងបទល្មើសឆ្លងដែន សំដៅធានាសុវត្ថិភាព សន្តិសុខតាមបណ្តាភូមិ ឃុំ ស្រុកនៃខេត្តជាប់ព្រំដែនទាំងសងខាង។
៥-ជំរុញ និងបង្កើនកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរក្នុងការស្វែង និងទប់ស្កាត់មុខសញ្ញាបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មុខសញ្ញា បទល្មើសគ្រឿងញៀន បណ្តាសកម្មភាពចាត់តាំង មេខ្យល់ និងខ្សែរយៈពួកឧក្រិដ្ឋជនលួចនាំមនុស្សឆ្លងដែន ខុសច្បាប់ បណ្តាសកម្មភាពល្បែងស៊ីសងខុសច្បាប់ ជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ជាដើម។
៦-បន្តពង្រឹងយន្តការដែលមានស្រាប់ និងបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រវាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរ ឬទទួលព័ត៌មានដោះស្រាយហេតុការណ៍យថាហេតុប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
៧-បន្តរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន រវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលប្រជាជនវៀតណាមតាមរបៀបប្តូរវេន និងតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ៕ ដោយ៖ រិន ចំរើន