មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ខេត្តកណ្ដាល គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ

កណ្ដាល៖ យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលទី១២ ខែតុលា ឆ្នាំ២០២២នេះ លោក រាជ រ៉ា រដ្ឋលេខាធិការ និងមន្ត្រីនៃនាយកដ្ឋានពាក់ពា័ន្ធរបស់ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធចម្លាក់ប្រាក់ស្ពាន់កម្ពុជា និងបានចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

គោលបំណងនៃការចុះពិនិត្យនេះគឺដើមី្បពិភាក្សាលើចំណុចសំខាន់ចំនួន ៣រួមមាន ពិនិត្យវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា , ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និង ការចុះបញ្ជីម៉ាកសមូហភាព។

ក្នុងជំនួបនេះ រដ្ឋលេខាធិការ បានស្នើសុំឱ្យសមាគមសហព័ន្ធពន្លឿនការសាងសង់ទីស្នាក់ការរបស់សមាគមសហព័ន្ធឱ្យបានឆាប់រហ័ស ដោយត្រូវសុំច្បាប់អនុញ្ញាតសាងសង់ពីស្ថាប័នពាក់ព័ន្ធ និងអជ្ញាធរដែនដី ជាពិសេស គួរសាងសង់តាមរចនាបទខ្មែរដើម្បីស្របទៅនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលជាកេរដំណែលវប្បធម៌ និងបញ្ជាក់ពីអត្តសញ្ញាណភូមិសាស្ត្រដែលមានប្រវត្តិយូរលង់ ព្រមជាមួយនឹងការទាក់ទាញទេសចរណ៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ថែមទៀតផង។

លោក បន្ដលើកឡើងថា ដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញា និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវឱ្យតួអង្គពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីសមាគមសហព័ន្ធឱ្យបានឆាប់ ព្រោះក្រសួងពាណិជ្ជកម្មបានរៀបចំរួចជាស្រេចនូវម៉ាកសមូហភាព ដោយរង់ចាំការចុះបញ្ជីសមាគមសហព័ន្ធរួចរាល់ នឹងអាចឱ្យសមាជិកសមាគមសហព័ន្ធបានប្រើប្រាស់នូវម៉ាកសមូហភាពនេះ ដែលនឹងបម្រើផ្តល់ប្រយោជន៍ជូនសមាជិកសមាគមសហព័ន្ធ ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។

បន្ទាប់ពីពិភាក្សា ប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទស្សនកិច្ចការសាងសង់ ទីស្នាក់ការរបស់សមាគមសហព័ន្ធ និងសម្រាប់ដាក់តាំងបង្ហាញស្នាដៃចម្លាក់ ដើម្បីពិនិត្យពីស្ថានភាព និងគ្រោងរៀបចំអញ្ជើញថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយការសាងសង់រួចរាល់ជាស្ថាពរ៕ដោយ៖ សាន សៀងហៃ