ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោកឌិត ទីណា ជាអនុប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងអនុប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីសម្រេចរបស់បក្ស កាលពីថ្ងៃ១០ តុលា។
ការសម្រេចតែងតាំងមុខងាររបស់បក្សបន្ថែមឲ្យលោក ឌិត ទីណានេះ ស្របពេលគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានកំណត់យកថ្ងៃទី១៤តុលា ស្អែកនេះ បើក សម័យប្រជុំពេញអង្គរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវដកចេញពីតួនាទី។
គួររំលឹកថា កាលពីថ្ងៃ៨ តុលា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាដើម្បីបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោកឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោកវេង សាខុន ដែលត្រូវព្រះមហាក្សត្របញ្ចប់តួនាទីកាលពីពេលកន្លងមក។
ការស្នើសុំបន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោកវេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម តាមការស្នើសុំរបស់រាជរដ្ឋាភិបាល ។ ក្រោយបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់តាំងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្រ្តីស្តីទីជំនួសលោកវេង សាខុនលើមុខតំណែងបច្ចុប្បន្ន រហូតមានការតែងតាំងរដ្ឋមន្រ្តីកសិកម្មថ្មី។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះក៏បានស្នើថ្វាយព្រះមហាក្សត្រដាក់លោកវេង សាខុនជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្រោយការស្នើសុំបាន ប៉ុន្មានម៉ោង ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យតែងតាំងតែម្តង៕ ដោយ៖ រិន ចំរើន