សម្តេចតេជោ ៖ បញ្ហាប្រឈមតំបន់ និងសកលកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញ ខណៈកូវីដបន្សល់ទុកស្លាកស្នាម

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានអាស៊ានឆ្នាំ២០២២បានគូស បញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ទុកជាស្លាកស្នាម ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាព្រឹកថ្ងៃ១៣ តុលា សម្តេចតេជោមានប្រសាសន៍ថា «យើងបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និងសកលដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែម ទៀតដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេសសង្គម, វប្បធម៌, សន្តិសុខ និងសុខុមាល ភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន» ។

សម្តេចនាយករដ្ឋមន្រ្តីថា ដើម្បីស្ដារកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចតំបន់ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍន៍មូលធនមនុស្សតាមរយៈ៖ ១.ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឲ្យបានទូលំទូលាយ។២.ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និង៣. ការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ ។

សម្តេចបានបន្ថែមថា បទពិសោធន៍ជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុ ង ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និងបរិយាប័ន្ន ។

សម្តេចគូសបញ្ជាក់ថា”ខ្ញុំសង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពន អត្ថប្រយោជន៍របបសន្តិសុខ សង្គមសម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន» ។ បន្ថែមលើនេះ ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និងសុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ ។

សម្តេចតេជោក៏បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់នៃការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ការបណ្ដុះបណ្តាល ជំនាញ និងការស្ដារឡើងវិញនូវការបាត់បង់ការសិក្សា ក្នុងរយៈកាលកន្លងមកនេះ កម្ពុជាបានផ្ដួចផ្ដើមរៀបចំសេចក្តីណែនាំអំពី «ការបើកឡើងវិញ, ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និងយុវជន ទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និង សុវត្ថិភាព៕ ដោយ៖ រិន ចំរើន