ភ្នំពេញ៖ កម្ពុជាបានកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបានទិសដៅនេះ។
ការលើកឡើងធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោកឯកអគ្គរដ្ឋទូតវៀតណាមជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់ហើយ។
លោក គូសបង្ហាញថា ក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ១៩ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់ គឺជាការសំខាន់បំផុត ដូច្នេះភាគីកម្ពុជានិងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូកគោក ផ្លូវអាកាស និងផ្លូវទឹក។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។
ដោយឡែក ការតភ្ជាប់ផ្លូវអាកាស ភាគីទាំងពីរបានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣៕ ដោយ៖ សាន សៀងហៃ