ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ពន្ធដារ ប្រមូលចំណូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រមាណ ២៦៩៣,៣៨លានដុល្លារ ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកញ្ញា និងសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២២ នាថ្ងៃទី១១ តុលា បានឱ្យដឹងថា សរុបរយៈពេល៩ខែនេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញចំនួន ១០ ៩០៨,១៩ ប៊ីលានរៀល (ប្រមាណជា ២ ៦៩៣,៣៨ លានដុល្លារ) ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ២ ៣៥១,០៧ ប៊ីលានរៀល (ប្រមាណជា ៥៨០,៥១ លានដុល្លារ) ស្មើនឹង ២៧,៥០%។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅមុតស្រួច ដើម្បីធ្វើទំនើបកម្មពន្ធដារ ប្រកបដោយបុរេសកម្ម ចាប់តាំងពីឆ្នាំ២០១៤ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលដូចជា យុទ្ធសាស្ត្រចតុកោណ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង យុទ្ធសាស្ត្រកៀរគរចំណូល៕ដោយ៖ រិន ចំរើន