(កូឡាឡាំពួរ)៖ អតីតមេដឹកនាំម៉ាឡេស៊ីវ័យ ៩៧ឆ្នាំ លោក មហាធា មហាម៉ាត់ គ្រោងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជាសកលរបស់ប្រទេសម៉ាឡេស៊ីនៅពេលខាងមុខនេះ។ តែទោះបីជាយ៉ាងនេះក្តីនៅមានភាពស្រពិចស្រពិលថាតើលោកអាចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាលើកទីបីឬអត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីអិនអិននៅថ្ងៃ១២ តុលានេះ។
លោក មហាធា ដែលបានសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យកាលពីដើមឆ្នាំ បាននិយាយកាលពីថ្ងៃទី១១ តុលាថា រូបលោកនឹងការពារកៅអីរបស់លោកប្រចាំកោះ Langkawi ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសម៉ាឡេស៊ី។
តែទោះបីជាយ៉ាងនេះក្តី លោក ថា សម្ព័ន្ធភាពដែលលោកតំណាងមានឈ្មោះថា Gerakan Tanah Air (GTA) ឬចលនាមាតុភូមិ មិនបានសម្រេចចិត្តថា អ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីប្រសិនបើលោកឈ្នះការបោះឆ្នោតដែលរំពឹងទុកនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក មហាធា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «យើង (សម្ព័ន្ធភាព) បានធ្វើការសម្រេចចិត្ត។ នៅ Langkawi បេក្ខជនគឺជាបណ្ឌិត មហាធា មហាម៉ាត់ ។ ប៉ុន្តែមិនមែនជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត គ្រាន់តែជាបេក្ខជនតំណាងរាស្រ្តប៉ុណ្ណោះ»។ ត្រង់ចំណុចនេះ លោក ថា «យើងមិនបានសម្រេចថាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីទេប្រសិនបើយើងឈ្នះនោះ»៕ ដោយ៖ ឧត្តម