លោក ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់តុលាការបារាំង គឺជាការផ្តល់នូវភាពស្អាតស្អំចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាកូនប្រុសសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១១ តុលា ម្សិលមិញនេះ។

លើបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់លោក លោក ហ៊ុន ម៉ានី បានលើកឡើងថា ទន្ទឹមនឹងការចូលរួមអបអរសាទរជាមួយនឹងសេចក្តីសម្រេចនេះ លោកកត់សម្គាល់ថា ទង្វើប៉ុនប៉ងដោយចេតនាក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាង និងបំភ្លៃការពិត ដែលនាំអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ និងសកម្មជនក្រុមប្រឆាំង។

តែទោះបីជាយ៉ាងណាក្តី លោក សង្កត់ធ្ងន់ថា ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។

បើតាមលោក ហ៊ុន ម៉ានី តាមរយៈសេចក្តីសម្រេចរបស់តុលាការបារាំងនេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។

សូមរំលឹកជូនថា សម្តេចតេជោ និងកូនប្រសាររបស់សម្តេច គឺលោក ឌី វិជ្ជា បានប្តឹង លោក សម រង្ស៊ី ពីបទ«បរិហាកេរ្ត៍»ដោយទាមទារជម្ងឺចិត្ត១អឺរ៉ូ ករណីដែលលោក សម រង្ស៊ី និយាយថា សម្តេច ជាអ្នកនៅពីក្រោយការបំផ្ទុះឧត្ថម្ភាគចក្រសម្លាប់ លោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។

ជុំវិញសំណុំរឿងនេះ តុលាការប្រទេសបារាំងកាលពីថ្ងៃទី១០ តុលាម្សិលមិញនេះ បានចេញសាលក្រមដោយចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាពុំមានមូលដ្ឋាន និងអំណះអំណាងបញ្ជាក់ច្បាស់លាស់នោះឡើយ៕ ដោយ៖ ឧត្តម