ព្រឹកនេះ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ពិភាក្សាគ្នាអំពីរួបរួម

ភ្នំពេញ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ខែតុលានេះ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានជួបពិភាក្សាអំពីការរួបរមគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានរួម របស់គណបក្សទាំងពីរ កាលពីថ្ងៃទី ៧ ខែតុលានេះ បានឱ្យដឹងថា ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុងឧត្ដម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្ដីពី ការរួបរួមគ្នាដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យស៊េរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពីនិស្សិត បញ្ញវន្ដ យុវជន ស្ត្រី អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ ២០២៣ខាងមុខ។

សូមជម្រាបថា គណបក្សខ្មែររួបរួមជាតិ គឺមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សុ, រីឯគណបក្សកម្ពុជានិយម មានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន ដែលជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ៕ ដោយ៖ ឆែម ពិសិដ្ឋ