ខេត្តកំពង់ធំ៖ ក្នុងកិច្ចប្រជុំពាក់ព័ន្ធការងារគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ទីរកសិកម្មខេត្តនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ត្រូវសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
ស្របពេលជាមួយគ្នានេះផងដែរ លោក បានមានប្រសាសន៍ថា សម្តេចតេជោដែលប្រសូត្រចេញពីគ្រួសារកសិករ លោកក្តាប់បាននិងមានការយល់ដឹងស៊ីជម្រៅពីការលំបាក និងតម្រូវការរបស់បងប្អូនប្រជាកសិករ ដូច្នេះសម្តេចបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញដោយហេតុថា វិស័យកសិកម្មជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា។
អាជ្ញាធរខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ បានរងផលប៉ះពាល់នូវដំណាំស្រូវសរុប ២៧ ៣៤៥ ហិកតា ខូចខាត ៩ ៥០០ ហិកតា ស្មើនឹង១ ៥២២៣គ្រួសារ៕ ដោយ៖ សាន សៀងហៃ