ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសំណើរជាផ្លូវការទួលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដកលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបច្ចុប្បន្ន ចេញពីមុខតំណែងជារដ្ឋមន្រ្តី ហើយភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បញ្ចប់តំណែងលោក វេង សាខុន ជាផ្លូវការហើយនោះ សម្តេចតេជោក៏មិនបានបង្អស់យូរនោះដែរ នៅថ្ងៃដដែលនោះបានចេញសេចក្តីសម្រេចតែងតាំងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ឱ្យអង្គុយកៅអីជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្មជំនួសលោក វេង សុខុន ដើម្បីរងចាំរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីមកជំនួស។
មានមតិមួយចំនួនបានបង្ហាញការងឿងឆ្ងល់និងដាក់ជាសំណួរថាតើការដកតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម តាមសំណើរបស់នាយករដ្ឋមន្ត្រី បានធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់ដែរឬទេ? ហើយថាតើហេតុអ្វីបានជាសម្តេចតេជោនាយករដ្ឋមន្រ្តីសម្រេចមិនចាត់តាំងរដ្ឋលេខាធិការប្រចាំការ ឬ រដ្ឋលេខាធិការ ឬ ថ្នាក់ដឹកនាំផ្សេងៗទៀតនៃក្រសួងក្រសួងកសិកម្ម ឲ្យធ្វើជារដ្ឋមន្ត្រីស្តីទី? តែបែរជាចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជារដ្ឋមន្ត្រីស្តីទីទៅវិញ?
ពាក់ព័ន្ធនឹងចម្ងល់ខាងលើនេះ អ្នកជំនាញផ្នែកច្បាប់នៃសារព័ត៌មានខ្មែរឈានមុខសូមធ្វើការបកស្រាយដោយលើកយកនូវទិដ្ឋភាពផ្លូវច្បាប់មកធ្វើការពន្យល់។ តែទោះបីជាយ៉ាងណាក៏ដោយចុះការបកស្រាយ និងវិភាគនេះមិនមែនជាគំនិតបកស្រាយឬវិភាគដើម្បីរិះគន់នូវដែលរាជរដ្ឋាភិបាលបានធ្វើនោះទេ ក៏ប៉ុន្តែគ្រាន់តែជាការវិភាគបកស្រាយវែកញែកដោយផ្អែកលើទិដ្ឋភាពច្បាប់ដែលកម្ពុជាកំពុងតែមានជាធរមានទាំងស្រុង មិនមែនក្នុងន័យប្រឆាំង ឬគាំទ្របក្សនយោបាយណាមួយ។ ប៉ុន្តែអ្វីដែលជាការបកស្រាយនិងវិភាគនេះ គ្រាន់តែជាការចែករំលែកនូវចំណេះដឹងដល់សាធារណជនជាពិសេសអ្នកដែលមានចម្ងល់លើបញ្ហាខាងលើនេះតែប៉ុណ្ណោះ។
សារព័ត៌មានខ្មែរឈានមុខ សូមធ្វើការអភ័យទោសជាមុន និងរីករាយទទួលនូវការកែតម្រូវក្នុងន័យស្ថាបនា ដើម្បីទទួលបាននូវធាតុចូលបន្ថែមទៀត ធ្វើយ៉ាងណាឱ្យអត្ថបទបកស្រាយ វិភាគ លើកក្រោយៗទៀត កាន់តែល្អ និងទទួលបាននូវការគាំទ្រពីសាធារណជនដែលនិយម និងគាំទ្រសារព័ត៌មានខ្មែរឈានមុខ ដើម្បីជាការកញ្ចក់ឆ្លុះបញ្ចាំងនិងជួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានកសាងប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការរីកចម្រើនឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ។
ដើម្បីធ្វើការបកស្រាយ និងវិភាគករណីខាងលើនេះ យើងខ្ញុំសូមយកច្បាប់គោលចំនួនពីរដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននឹងកំពុងមានជាធរមាន នោះគឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់រៀបចំនិងការប្រព្រឹត្តទៅគណៈរដ្ឋមន្រ្តីឆ្នាំ២០១៨ ដែលជាច្បាប់គោលដែលយើងនឹងយកជាមូលដ្ឋានដើម្បីមកបកស្រាយនិងវិភាគលើបញ្ហាខាងលើនេះ។
យោងតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ២០១៨ យើងពិនិត្យឃើញថា ការបញ្ចប់មុខតំណែងរដ្ឋមន្ត្រី ឬ សមាជិករាជរដ្ឋាភិបាល អាចធ្វើឡើងតាមមធ្យោបាយ ចំនួន ០២យ៉ាង។ ទី១៖យោងតាមមាត្រា ៩៦, ៩៧, ៩៨ថ្មី(មួយ), មាត្រា១១៩ថ្មី(ពីរ) និង មាត្រា១២១ថ្មី នៃរដ្ឋធម្មនុញ្ញ រដ្ឋសភាអាចដាក់សំណួរ ឬ អញ្ជើញរដ្ឋមន្ត្រី ឬ រាជរដ្ឋាភិបាលមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់រដ្ឋមន្ត្រីនីមួយៗ ឬ ពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញាត្តិបន្ទោស តាមសម្លេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះ មានភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ ញាត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនមួយភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។ ករណីដែលរដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញាត្តិបន្ទោសនេះ ដោយហេតុថាប្រទេសកម្ពុជា ជាប្រទេសអនុវត្តរបបសភានិយមក្នុងទម្រង់រាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលរាជរដ្ឋាភិបាល ត្រូវដឹកនាំដោយផ្ទាល់ពីនាយករដ្ឋមន្ត្រី ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរដ្ឋសភា។
ដោយឡែកមធ្យោបាយទី២ មាត្រា ១១៩ថ្មី(ពីរ) និង ១២១ថ្មី នៃរដ្ឋធម្មនុញ្ញ និង មាត្រា ១៣, ២០, ២១ និង មាត្រា៣៣ នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ ជាក់ស្តែងមាត្រា ១១៩ថ្មី(ពីរ) តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រីឲ្យបង្កើតរាជរដ្ឋាភិបាល។…វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬ សមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឲ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភាបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។…។ មាត្រា ១២១ថ្មី សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរៀងខ្លួនចំពោះនាយករដ្ឋមន្ត្រី និង ចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត។
មាត្រា ១៣ នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីទទួលខុសត្រូវរួមចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅ និង សកម្មភាពរបស់រាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីជាប្រមុខរាជរដ្ឋាភិបាល ដឹកនាំ បញ្ជារាល់សកម្មភាពការងាររបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។ ដោយឡែកមាត្រា ២០ នៃច្បាប់ដដែល នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល ដោយព្រះរាជក្រឹត្យ។ ក្នុងនោះមាត្រា ២១ នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និង ជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។ មាត្រា ៣៣ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ទទួលខុសត្រូវរៀងៗខ្លួនចំពោះនាយករដ្ឋមន្ត្រី និង ចំពោះរដ្ឋសភា អំពីអំពើដែលខ្លួនបានប្រព្រឹត្ត។ នាយករដ្ឋមន្ត្រីត្រួតពិនិត្យការងារ សកម្មភាព អំពើប្រព្រឹត្ត និង ការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាល ហើយមានសិទ្ធិដក និង ដាក់ជំនួសសមាជិករាជរដ្ឋាភិបាល តាមបែបបទ និង នីតិវិធីជាធរមាន។
ចុះបើនាយករដ្ឋមន្រ្តីមិនអាចស្នើដករដ្ឋមន្រ្តីបាន ឬចាំបាច់ត្រូវឆ្លងរដ្ឋសភា តើបញ្ហារាជរដ្ឋាភិបាលទៅជាយ៉ាងណាក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល។ មួយវិញទៀតបើនាយករដ្ឋមន្រ្តីស្នើសុំដកហើយ តែរដ្ឋសភាមិនអាចកោះប្រជុំបាន ឬមិនអាចរកសម្លេងបោះឆ្នោតដកតំណែងរដ្ឋមន្រ្តីនោះបាន នោះរាជរដ្ឋាភិបាលនឹងកាន់តែមានបញ្ហាប្រឈមធំហើយ ដែលអាចប៉ះពាល់គណៈរដ្ឋមន្រ្តីទាំងមូលក៏ថាបាន។
ដូច្នេះហើយផ្អែកលើទិដ្ឋភាពនៃច្បាប់ទាំងពីរខាងលើនេះ ការបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រី ដោយពុំឆ្លងកាត់រដ្ឋសភាតាមនីតិវិធីនៃការអនុម័តញាត្តិបន្ទោសនោះ គឺជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដោយយោងតាមមាត្រាទាំងឡាយដែលបានរៀបរាប់ខាងលើ ជាពិសេសមាត្រា ២០ នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលច្បាប់នេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះមហាក្សត្យនៅឆ្នាំ២០១៨ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យអំពីធម្មភាពរួចរាល់ហើយ តាមមាត្រា ១៤០ថ្មី និង មាត្រា ១៤២ថ្មីនៃរដ្ឋធម្មនុញ្ញ ដោយហេតុថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺមានអំណាចឋានានុក្រមទៅលើរដ្ឋមន្ត្រីក្រោមឳវាទរបស់ខ្លួន ហើយរដ្ឋមន្ត្រីនីមួយៗ ត្រូវទទួលខុសត្រូវរៀងៗខ្លួនចំពោះមុខនាយករដ្ឋមន្ត្រី ព្រោះនាយករដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះគោលនយោបាយទូទៅរបស់រដ្ឋចំពោះមុខរដ្ឋសភា និង ចំពោះមុខប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រផងដែរ។
ចម្ងល់មួយទៀតតើមូលហេតុអ្វីបានជាសម្តេចតេជោនាយករដ្ឋមន្រ្តីមិនចាត់តាំងរដ្ឋលេខាធិការប្រចាំការ ឬ រដ្ឋលេខាធិការ ឬ ថ្នាក់ដឹកនាំផ្សេងៗទៀតនៃក្រសួងក្រសួងកសិកម្ម ឲ្យធ្វើជារដ្ឋមន្ត្រីស្តីទី? ហើយបែរជាចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជារដ្ឋមន្ត្រីស្តីទីទៅវិញ? ហើយថាតើការចាត់តាំងនេះ ត្រឹមត្រូវតាមនីតិវិធីច្បាប់ដែរ ឬ ទេ?
យោងតាមមាត្រា ៨, ៤២ និង មាត្រា ៥៣ នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និង មាត្រា ១២៤ថ្មី នៃរដ្ឋធម្មនុញ្ញ បានបញ្ជាក់ថា ការណ៍ដែលប្រមុខរាជរដ្ឋាភិបាលមិនចាត់តាំងរដ្ឋលេខាធិការប្រចាំការ ឬ រដ្ឋលេខាធិការ ឬ ថ្នាក់ដឹកនាំផ្សេងៗទៀតនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យធ្វើជារដ្ឋមន្ត្រីស្តីទី ហើយបានចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជារដ្ឋមន្ត្រីស្តីទីទៅវិញ គឺថា ការចាត់តាំងនេះ ធ្វើឡើងបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។
មាត្រា ៨, ៤២ និង មាត្រា ៥៣ សមាសភាពនៃរាជរដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី។ ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ។ ករណីដែលរដ្ឋលេខាធិការប្រចាំការ អាចបំពេញតួនាទីជារដ្ឋមន្ត្រីស្តីទី ក្នុងលក្ខខណ្ឌដែលរដ្ឋមន្ត្រីអវត្តមាន ឬ មានភារកិច្ច មិនអាចដឹកនាំគ្រប់គ្រងក្រសួងបានជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ចំពោះករណីការចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី ដោយហេតុថា ការកាន់មុខតំណែងរបស់លោក វេង សាខុន ជារដ្ឋមន្ត្រីនៃក្រសួងកសិកម្ម គឺត្រូវបានបញ្ចប់ជាស្ថាពរ មិនមែនដោយសារតែលោក វេង សាខុន អវត្តមានម្តងម្កាល ឬ បណ្តោះអាសន្នឡើយ។
ដោយឡែកមាត្រា ១២៤ថ្មី នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួនឲ្យទៅឧបនាយករដ្ឋមន្ត្រី ឬ សមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។ ក្នុងក្របខណ្ឌនៃការអនុវត្តអំណាចឋានានុក្រម និង ការប្រើប្រាស់អំណាចឆន្ទានុសិទ្ធិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ដើម្បីផលប្រយោជន៍ទូទៅរបស់ជាតិ និង ប្រជាពលរដ្ឋក្នុងកាលៈទេសៈចាំបាច់ណាមួយ ក្នុងតំណែងជានាយករដ្ឋមន្ត្រី មានសិទ្ធិអំណាចសម្រេចដោយឆន្ទានុសិទ្ធិចំពោះបញ្ហានេះបាន ស្របតាមគោលការណ៍ច្បាប់។
ជាការកត់សម្គាល់ ចំពោះមូលហេតុដែលលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីចាត់តាំងឲ្យបំពេញតួនាទីជារដ្ឋមន្ត្រីស្តីទីនេះ ត្រូវបានគេមើលឃើញថា ដោយសារកន្លងមកមានការងារ និង បញ្ហាចម្បងៗជាច្រើន ដែលលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំ និង ចូលរួមដោះស្រាយ ព្រមទាំងចាត់វិធានការ បានទាន់ពេលវេលា និង មានប្រសិទ្ធភាព ដូចជាករណីការដោះស្រាយបញ្ហារកថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ការឧបត្ថម្ភថវិកានិងសម្ភារៈដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលនៃជំងឺកូវីដ និង ការបង្កើនចំណូលថវិកាជាតិតាមរយៈការប្រមូលពន្ធដារ និង ពន្ធគយ ជាដើម៕