ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ចុះធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋ ដែលលិចលង់ដំណាំស្រូវ និងដំណាំរួមផ្សំនានា ដោយសារជំនន់ទឹកភ្លៀង។
ក្នុងសារជាសម្លេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងថា គិតមកដល់ពេលនេះ តាមរបាយការណ៍របស់ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះជាប់ទៅនឹងបណ្ដាខេត្ត ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង សរុបគឺមាន២២ខេត្ត ដែលមាន ស្រុក ក្រុង ខណ្ឌ ចំនួន៩៦ និង៧៧០ឃុំ បានលិចលង់ ក្នុងនោះបង្កឱ្យមានផលប៉ះពាល់សម្រាប់ប្រជាជនយើង ដែលមានស្លាប់ចំនួន ៤នាក់ ហើយក្រៅពីនោះក៏មានការជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ក្រៅពីការខូចខាត ការលិចផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ការសិក្សារបស់សិស្សានុសិស្សក៏ប៉ះពាល់ ដោយសារតែការលិចសាលារៀន។ ចំពោះការខូចខាតចំពោះដំណាំកសិកម្ម បើតាមតួលេខដែលបានផ្ដល់ដោយ លោក គន់ គីម គឺស្រូវទទួលការលិចលង់ ចំនួន ១៥១ ៤១២ ហិកតា ដំណាំរួមផ្សំទឹកលិច ចំនួន ៤១ ០២៤ ហិកតា។
សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ឥឡូវនេះ ទឹកនៅកន្លែងខ្លះស្រក កន្លែងខ្លះក៏ឡើង ហើយ ព្យាករណ៍អាកាសធាតុបានឱ្យដឹងថា អាចនឹងមានទឹកភ្លៀងខ្លះបន្ថែមទៀត ប៉ុន្តែតាមការជាក់ស្ដែងនោះ មានកន្លែងខ្លះក៏ឡើង កន្លែងខ្លះក៏ស្រក ហើយសភាពការណ៍នៅមូលដ្ឋានគឺគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលជាកង្វល់ គឺមូលដ្ឋានខ្លះកំពុងជួបបញ្ហាពាក់ព័ន្ធជាមួយការខ្វះពូជស្រូវ ឬពូជដំណាំ ដែលទាមទារឱ្យថ្នាក់ជាតិត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់។
សម្ដេចតេជោ ក៏បានដាក់បទបញ្ជាទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួង ដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន អំពីការខូចខាតដែលទាក់ទងជាមួយនឹងដំណាំស្រូវ ក៏ដូចជា ដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាលអាចបញ្ចេញយ៉ាងលឿន ទៅកាន់គោលដៅ ដែលស្រូវខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានបង្កបង្កើនផលឡើងវិញ។ នេះជាអន្តរាគមន៍ចាំបាច់ដើម្បីដោះស្រាយបញ្ហានៅចុងរដូវរបស់យើង។ ទឹកមិនទាន់អស់នៅឡើយទេ កន្លែងខ្លះនៅមានលទ្ធភាពដែលអាចធ្វើទៅបាន ហើយកន្លែងខ្លះក៏មិនអាចធ្វើស្រូវបាន ក៏អាចជំនួសទៅដោយពូជមួយចំនួន ដែលរាជរដ្ឋាភិបាលបានបម្រុងទុក។
សម្ដេចតេជោក៏បានអំពាវនាវឱ្យមានកិច្ចសហការជាបន្ទាន់ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃផង និងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវ និងពូជដំណាំទៅកាន់គោលដៅផង។ សម្ដេចតេជោគូសបញ្ជាក់ថា នេះជាកិច្ចការបន្ទាន់ ដែលចាំបាច់ត្រូវធ្វើ កុំបណ្ដែតបណ្ដោយឱ្យទឹកស្រកហួស ហើយយើងគ្មានប្រភពទឹក ដើម្បីនឹងបង្កបង្កើនផលបន្ថែម។
សម្ដេចតេជោបានរម្លឹកថា យើងបានជួបប្រទះនូវបញ្ហាបែបនេះកាលពីឆ្នាំ២០០០ យើងមានបទពិសោធន៍រួចមកហើយៗខេត្តដែលមានផលប៉ះពាល់ច្រើនជាងគេ ក៏នៅតែជាខេត្តដែលធ្លាប់ជួបប្រទះកាលពីឆ្នាំ២០០០ គឺមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ុន្តែឆ្នាំនេះ ក៏មានកើតនៅឯខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងខេត្តដទៃទៀត។
ជារួម សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវផ្នែកពាក់ព័ន្ធឱ្យធ្វើសកម្មភាពបន្ទាន់ ហើយបែងចែកមន្ត្រីចុះធ្វើការ ដោយម្ខាងចុះទៅវាយតម្លៃរួមជាមួយខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីវាយតម្លៃអំពីការខូចខាត និងម្ខាងទៀតត្រៀមរៀបចំពូជ ដើម្បីបញ្ចេញពីឃ្លាំង ដែលស្តុកនៅភ្នំពេញក្ដី នៅតាមខេត្តក្ដី ដើម្បីបញ្ជូនពូជស្រូវទាំងនោះ ឬពូជដំណាំទាំងនោះ ទៅឱ្យប្រជាជនរបស់យើង ដើម្បីដាំដុះសារជាថ្មី៕ ដោយ៖ គង់ សេដ្ឋាមុនី