ក្រុមបុគ្គលិកអាជ្ញាធរជាតិអប្សរា សម្អាតបរិស្ថាន និង ពិនិត្យទ្វារទឹកសំខាន់ៗជាប្រចាំថ្ងៃ ក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ ក្រុមបុគ្គលិកអាជ្ញាធរជាតិអប្សរា បានសម្អាតបរិស្ថាន និងបានពិនិត្យទ្វារទឹកសំខាន់ៗជាប្រចាំថ្ងៃ ដើម្បីសោភ័ណភាព និងបញ្ចៀសទឹកមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។

តាមរយៈការផ្សាយនេះ បានឱ្យដឹងថា ក្រុមការងារសម្អាតបរិស្ថានក្នុងរមណីយដ្ឋានអង្គរ បានបន្តការងារជាប្រចាំ ទាំងការងារសម្អាតលើដី ប្រាសាទ និងក្នុងទឹក ដើម្បីធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានសោភ័ណភាព និងអនាម័យស្អាតជានិច្ច។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីឱ្យរមណីយដ្ឋានអង្គរ ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានឹងការសម្អាតនេះ ក្រុមការងារមួយទៀតនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើការជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ នៅតាមទ្វារទឹកសំខាន់ៗ ដើម្បីបញ្ចៀសទឹកមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរា បានអះអាងថា បើទោះបីបរិមាណទឹកមានច្រើនក៏ដោយ តែក្រុមការងារអាជ្ញាធរជាតិអប្សរា អាចបញ្ចៀសទឹកទៅតាមប្រព័ន្ធធារាសាស្រ្ដដែលមានភាពខ្វាត់ខ្វែង និងប្រសិទ្ធភាពខ្ពស់។

សូមរំលឹកជូនថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបដែលបានមកទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២នេះ មានចំនួន ៥៩ ៩៨៣នាក់ ហើយថវិកាដែលបានមកពីការលក់សំបុត្រ មានចំនួន ២ ៤២០ ០៨១ ដុល្លារអាម៉េរិក៕ ដោយ៖ ឆឹម ទិត