ប្រតិភូ៣០ប្រទេសគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន៣៩ប្រទេសបានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិនៅកម្ពុជាកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។ ក្នុងនោះគេឃើញមានគណៈប្រតិភូ៣០ប្រទេស គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ ទី៦ តុលានេះ។

ជាមួយនឹងការប្រកាសគាំទ្រនេះ គណៈប្រតិភូទាំង៣០ប្រទេស ក៏បានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាពនិងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេសផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍កំរាស់បួនទំព័រ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា គណៈប្រតិភូទាំង៣០ប្រទេសនេះ បានលើកសរសើរចំពោះជោគជ័យដែលកម្ពុជាសម្រេចបានរួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គំនិតផ្តួចផ្តើមកម្មវិធីគាំពារសង្គម ដើម្បីជួយដល់ស្រ្តី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ និងក្រុមងាយរងគ្រោះ ក្នុងនោះការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិជាដើម។

ទន្ទឹមនឹងមានសារទរ ក៏មានដែរមានការទិតៀន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះគណៈប្រតិភូ០៩ប្រទេសផ្សេងទៀត ក៏បានបញ្ចេញមតិទិតៀន និងអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំងឯករាជ្យរបស់ប្រព័ន្ធតុលាការ។

តែទោះបីជាយ៉ាងនេះក្តី ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់ថា គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងការសម្របសម្រួលទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៅកម្ពុជា និងវឌ្ឍនភាពនៃសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសក្នុងវិស័យសុខាភិបាល។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា កិច្ចការបង្ការអំពើហិង្សាខាងយេនឌ័រ និងកំណែទម្រង់កិច្ចគាំពារជនមានពិការភាពផងដែរ៕ ដោយ៖ ឧត្តម