(បាងកក)៖ អតីតប៉ូលីសថៃម្នាក់វ័យ៣៤ឆ្នាំ ឈ្មោះ Panya Kamrab ដែលកំពុងមានរឿងក្តីក្តាំងនៅតុលាការពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន បានបើកការវាយប្រហារបាញ់សម្លាប់មនុស្សប្រមាណ៣៦នាក់ ក្នុងនោះមានកុមារ២៣នាក់ នៅមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង នៃខេត្តណងបួលាំភូ ភាគឦសាន ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៦ តុលានេះ។
ភ្លាមៗបន្ទាប់ពីបាញ់ប្រហាររួច ជនដៃដល់រូបនេះបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ នឹងបានបាញ់សម្លាប់ប្រពន្ធ និងកូនប្រសាររបស់ខ្លួន បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ប្រភពពីសមត្ថកិច្ចថៃ បានឱ្យដឹងថា ប៉ុន្មានម៉ោងមុនបើកការវាយប្រហារទៅលើមជ្ឈមណ្ឌលថែទាំកុមារខាងលើនេះ បុរសរូបនេះបានទៅបង្ហាញខ្លួននៅតុលាការ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងបទចោទរឿងជួញដូរគ្រឿងញៀន។
ប្រភពដដែល បានបន្តថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើជនរងគ្រោះនៅមជ្ឈមណ្ឌថែទាំកុមារខាងលើនេះ នៅគ្រាដែលក្មេងៗកំពុងតែដេកលង់លក់៕ ដោយ៖ ឧត្តម