ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់បានស្លាប់ និងជាងកាត់សក់ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿន ហើយត្រូវបានរថយន្តមួយគ្រឿងបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ ២១៥ កែងនិងផ្លូវ ១៨២(វិថី ឧកញ៉ាទេពផន) ក្នុងសង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកដែលស្លាប់មានឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ។ ជនរងគ្រោះស្លាប់ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ចំណែកអ្នករងរបួសឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ និងរស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពបានឱ្យដឹងបន្តថា ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BN.0345.។
ចំណែកឯរថយន្តបង្កម៉ាក ម៉ាសឺដេស មេប៊ាំង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF.8898 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានបើករត់បាត់។
បើតាមសាក្សី ដែលឃើញហេតុការណ៍ បាន ប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញបុរសពីរនាក់ ជិះម៉ូតូស្កុបពីឌុបគ្នា តាមបណ្ដោយផ្លូវ ១៨២ វិថីឧកញ៉ាទេពផង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកខាងលើ ក៏ស្រាប់តែមានរថយន្ត ម៉ាកសឺដេស មេប៊ាំង បើកតាមបណ្ដោយផ្លូវ ២១៥ ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចគ្នា បានមកបុកពេញទំហឹងចំហៀងខាងស្ដាំកង់ខាងក្រោយ បណ្ដាលឱ្យដាច់កង់និងម៉ាស៊ីនចេញពីគ្នា និងរងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់នៅកន្លែងកើត។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនបើករត់ខណៈពេលនោះ ក៏មានសាច់ញាតិខាងជនរងគ្រោះដេញតាមថត បានស្លាកលេខរថយន្តយកមកឱ្យសមត្ថកិច្ច។
សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការស្រាវជ្រាវ តាមចាប់រថយន្តបង្កយកមកផ្ដន្ទាទោសនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឆែម ពិសិដ្ឋ