កម្ពុជាខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល និង ការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈម បរិស្ថានសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និង ការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០។ ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ។ លើសពីនេះទៀត កម្ពុជាក៏បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ វិនិយោគថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចចក្រា និងកិច្ចការពារបរិស្ថាន។

សម្ដេចតេជោគូសបញ្ជាក់ថា បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះ មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដី ពីគ្រោះមហន្តរាយទាំងឡាយសម្រាប់ជនានុជនជារៀងដរាបតទៅ។ សម្ដេចតេជោជឿជាក់ថា យើងទាំងអស់ពិត ជាអាចធ្វើបាន ក្នុងនោះក៏មានឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យសម្ដេចមានសង្ឃឹមយ៉ាងមុតមាំថា យើងពិតជាអាចជម្នះនូវរាល់ បញ្ហាទាំងនេះ ជាមួយគ្នាបាន ។

ជាទិសដៅបន្តសម្ដេចតេជោយល់ថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ នយោបាយ វប្បធម៌ និង ជំនឿសាសនាដោយឡែក។ សម្ដេចតេជោបានអះអាងថា ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍន៍ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រការចាំបាច់ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ យើងក៏គួរផ្តោតជាសំខាន់ ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «កម្ពុជាបានត្រៀមខ្លួនជាស្រេច ហើយយើងត្រូវការដៃគូ ទាំងសាធារណៈ និងឯកជន ដើម្បីជួយយើងសម្រេចបាននូវការប្ដេជ្ញាចិត្តទាំងនេះ៕ដោយ៖ គង់ សេដ្ឋាមុនី