មន្រ្ដីអាជ្ញាធរជាតិអប្សរា ប្រទះឃើញរូបចម្លាក់ក្បាលនាគ រចនាបថបាយ័ន ក្រោយដើមស្រឡៅធំមួយបានដួលរលំ

សៀមរាម៖ លោក ឈូក សុម៉ាឡា មន្រ្ដីអាជ្ញាធរជាតិអប្សរា បានប្រទះឃើញដោយចៃដន្យ នូវចម្លាក់ក្បាលនាគ១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន ក្រោយដើមស្រឡៅធំមួយបានដួលរលំ នៅបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ ក្នុងក្រុងអង្គរធំ ខេត្តសៀមរាប។ នេះបើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឫសកែវធំៗ ទើបពេលភ្លៀងជោគជាំដីជ្រាយធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឫសឈើដុះចាក់ស្រេះមកជាមួយតែម្តង។

លោក ឈូក សុម៉ាឡា អ្នកបុរាណវិទ្យា បានគូសបញ្ជាក់ថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ ១.២ម៉ែត្រ ទទឹង ១ម៉ែត្រ និងកម្រាស់ ០.៣ម៉ែត្រ មានបំណែកសត្វគ្រុឌជិះលើក្បាលនាគ។ លោកបុរាណវិទ្យា បានបញ្ជាក់ថា ស្ថានភាពមុខនាគខាងមុខ មានការខូចខាតច្រើនដោយអន្លើ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ លោកបុរាណវិទ្យា បានបន្ដថា រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

លោកបុរាណវិទ្យារូបនេះ បានសន្និដ្ឋានថា បំណែកក្បាលនាគនេះ អាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ លោកបន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។

«អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់»។
សូមជម្រាបជូនថា បំណែកក្បាលនាគនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់-ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕ ដោយ៖ ឆឹម ទិត