កម្ពុជាស្នើឱ្យថៃជួយពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET ក្នុងការជំរុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត TVET តាមរយៈការជំរុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ។

សំណើនេះធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសមរវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក បណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នផង នៅទីស្តីការក្រសួងការងារ។

ជាការឆ្លើយតប លោក បណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកឱ្យមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជានៅវិទ្យាស្ថានល្បីចំនួនបីនៅប្រទេសថៃ ដែលមានជំនាញបណ្តុះបណ្តាលលើ ផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មជាដើម។

ជាមួយគ្នានេះ លោក អ៉ិត សំហេង ក៏បានអរគុណដល់ភាគីថៃ ដែលបានផ្តល់ការគាំទ្រ និងជួយកម្ពុជាលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយលោកនឹងជ្រើសរើសពេលវេលាសមរម្យណាមួយដើម្បីរៀបចំគណៈប្រតិភូដែលមានជំនាញតាក់តែងគោលនយោបាយផ្នែកTVET បានទៅសិក្សាស្វែងយល់បន្ថែមទៀតទៅលើវិទ្យាស្ថានធំៗទាំងបីតបតាមការអញ្ជើញពីសំណាក់ភាគីថៃ។

គួរបញ្ជាក់ជូនផងដែរថា ក្រុមការងារបច្ចេកទេសជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ដាច់ដោយឡែកលម្អិតលើការផ្តល់អាហារូបករណ៍ (ដែលជាលទ្ធផលនៃកិច្ចពិភាក្សា គ្នាលើកមុនកាលពីថ្ងៃទី០៥ ខែសីហា ២០២២) ដើម្បី ៖ កំណត់ពីតម្រូវការអភិវឌ្ឍធនធានមនុស្សរវាងភាគីទាំងពីរ។ រួមគ្នាកំណត់ពីវិធីសាស្ត្រក្នុងការបែងចែកអាហារូបករណ៍ និងចំនួនអាហារូបករណ៍សរុបដែលនឹងផ្តល់ឱ្យ។

លើកកម្ពស់កិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-ថៃ។ពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអនុស្សរណៈយោគយល់គ្នាកម្ពុជា-ថៃ ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះចំពោះលទ្ធផលកិច្ចសហការ ជាមួយភាគីថៃកន្លងមក បានកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បំពាក់ឧបករណ៍សម្ភារ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូ របស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ, បានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្តាល និងតាមគ្រឹះស្ថានTVET ទៅបណ្តុះបណ្តាលនៅប្រទេសថៃ ពីឆ្នាំ ២០១៧-២០១៩ បានចំនួន១១២នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់ គ្រូបច្ចេកទេសនៅតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៧-២០១៩ បានចំនួន១០០នាក់៕ ដោយ៖ សាន សៀងហៃ