រដ្ឋមន្រ្តីមហាផ្ទៃឱ្យពង្រឹង កិច្ច ការពារសុវត្ថិភាពថ្នាក់ដឹកនាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា

ភ្នំពេញ ៖ ខណៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាកាន់តែខិតជិតចូលមក នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសុវត្ថិភាពថ្នាក់ដឹកនាំបណ្ដាប្រទេសនានាចូលរួមកិច្ចប្រជុំនេះ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា ឆ្នាំនេះ គឺជាលើកទី៣ ដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយកិច្ចប្រជុំលើកនេះក៏មិនខុសពីកិច្ចប្រជុំកម្ពុជាធ្លាប់រៀបចំ និងបណ្ដាប្រទេសសមាជិកអាស៊ានបានរៀបចំជារៀងរាល់ឆ្នាំនោះដែរ គឺមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងបណ្ដាមេដឹកនាំបណ្ដាប្រទេសដៃគូអាស៊ានផ្សេងទៀត។

សម្ដេចសង្កត់ធ្ងន់ថា «កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាការផ្ដល់កិត្តិយស មួយទៀតដែរ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះក៏ទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាសុវត្ថិភាពឱ្យបានល្អប្រសើរបំផុត និងដាច់ខាតសម្រាប់ថ្នាក់ដឹកនាំនានា ពិសេសគឺប្រធានប្រតិភូទាំងអស់ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ»។

ពាក់ព័ន្ធកិច្ចការពារសន្តិសុខបម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះដែរ សម្ដេចស ខេង បាន បញ្ជាក់ទៀតថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺជាប្រធានគណៈកម្មការការពារសន្តិសុខ បានរៀបចំនូវផែនការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនេះរួចជាស្រេច។

សូមរំលឹកថា កិច្ចប្រជុំនៅខែវិច្ឆិកានេះ មានគណៈប្រតិភូបរទេសអញ្ជើញចូលរួមប្រមាណ ២៨គណៈប្រតិភូ ដូចជា៖ គណៈប្រតិភូប្រទេសសមាជិកអាស៊ានដោយមិនរាប់កម្ពុជា គណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០គណៈប្រតិភូទៀត និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេងៗ ៨ទៀត។

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ដោយមានកិច្ចប្រជុំសរុបប្រមាណ៥៤ ក្នុងនោះ កិច្ចប្រជុំធំៗមាន២ គឺកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ កាលពីខែមេសា ក្នុងក្របខ័ណ្ឌសមាជិកអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ រៀបចំក្នុងខែវិច្ឆិកា ខាងមុខនេះ រវាងប្រទេសសមាជិកអាស៊ានជាមួយបណ្ដាប្រទេសដៃគូ៕ ដោយ៖ រិន ចំរើន